លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញ​សម្ពោធ​ព្រឹត្តិការណ៍​ពិព័រណ៍ ផលិតផល​ខ្មែរ នៅ​ខេត្តពោធិ៍សាត់​

​ដោយៈ ទេព មង្គល / ពោធិ៍សាត់ៈ លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិព័រណ៍ ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៧ ដែល​បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៦-១៩ ខែតុលា ឆ្នាំ​២០២២ នៅ​ខេត្តពោធិ៍សាត់ ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ ចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ សភាពាណិជ្ជកម្ម​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត អង្គការ សមាគម សហគ្រាស​ក្នុងស្រុក និង​ពាណិជ្ជករ​កម្ពុជា ប្រមាណ ៦០ នាក់​។​

​ថ្លែង​ក្នុងឱកាស​បើកសម្ពោធ​ពិព័រណ៍ រដ្ឋលេខាធិការ បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរខេត្ត ដែល​បាន​គាំទ្រ និង​ចូលរួម​សហការ​ជាមួយ ក្រសួង រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស​ដល់​កសិករ ផលិតករ និង​សហគ្រាស ក្នុងស្រុក ដោយបាន​នាំយក​ផលិតផល មក​ដាក់តាំង​បង្ហាញ និង​ណែនាំ​ដល់ទី​ផ្សារ​។
​ទន្ទឹមនឹងនេះ លោក​រដ្ឋលេខាធិការ បាន​អំពាវនាវ​ដល់​ផលិតករ​កម្ពុជា ត្រូវខិតខំ​អភិវឌ្ឍន៍​ផលិតផល ឱ្យបាន​ច្រើន​មុខ​បន្ថែមទៀត សម្រាប់​បម្រើ​ទីផ្សារ ដោយ​ផ្តោតលើ ការយកចិត្តទុកដាក់ លើ​គុណភាព​ផលិតផល សោភ័ណភាព សុវត្ថិភាព ការ​វេច​ខ្ចប់ និង​ត្រូវមាន​តំលៃ​សមរម្យ​ទើប​អាច​ចូលរួម​ប្រកួតប្រជែង ជាមួយ​ទំនិញ​បរទេស​បាន​។​

​គួររំឭកថា ចាប់ពី​ថ្ងៃទី ១៦-១៩ ខែតុលា ឆ្នាំ​២០២២ នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានរៀបចំ​ពី​ធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ តាម​គន្លង​ប្រពៃណី​ខ្មែរ អមដោយ​ការ​ប្រណាំងទូក ង ជាច្រើន​គូ មកពី​ឃុំ សង្កាត់ ផ្សេងៗ​គ្នា ជូន​ប្រជាជន ក្នុង​ខេត្ត បាន​ទស្សនា​ផងដែរ ៕/V​