ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ដងរែក​

​នាមសព្ទ​

​ឈើ​ឬ​ឫស្សី​ជា​ដង​សម្រាប់​រែក ។​
​ឈ្មោះ​ភ្នំ​មួយ​នៅ​ទិសឧត្ដរ​ប្រទេស​កម្ពុជា​
​ភ្នំ​ដងរែក ។​

​ដារ​

​នាមសព្ទ​

(​សំ​. បា​. តារ “​ដំណើរ​ឆ្លង​, ការឆ្លង​”) ឈ្មោះ​បុណ្យ​តូច​ម្យ៉ាង​ក្នុង​ពុទ្ធសាសនា ជា​បុណ្យ​ទក្ខិណានុប្បទាន​, ទាយក​និមន្ដ​ព្រះ​ភិក្ខុសង្ឃ​សូត្រ​សត្តប្បករណាភិធម្ម និង​តិរោកុឌ្ឌសូត្រ ហើយ​គេ​រាប់បាត្រ​រួច ឧទ្ទិស​ចំណែក​បុណ្យ ជូនទៅ​បុព្វ​បេ​ត​បុគ្គល​ដែល​ចែក​ឋាន​ទៅកាន់​បរលោក​ហើយ​
​ធ្វើបុណ្យ​ដារ​, និមន្ត​លោក​ដារ ។​

​ដុល្លារ​

(​ដុល​-​ឡា​)

​នាមសព្ទ​

(​អ​. Dollar) ឈ្មោះ​រូបិយវត្ថុ​របស់​សហរ​ដ្ឋ​អាមេរិក ។​

ដូងព្រះ​

នាមសព្ទ​

​វល្លិ​មាន​ផ្កា​តូចៗ សម្បុរ​លឿងទុំ​, មាន​ផ្លែ​បរិភោគបាន ។​
​មាន​ដូងព្រះ ១ ប្រភេទ​ទៀត​មាន​ដើម​, ធាង​, ស្លឹក​ស្រដៀង​នឹង​លម៉ើ តែ​ស្រួច​រឹង ដើម​ទាបៗ មាន​ផ្លែ​បរិភោគបាន ( អ្នកស្រុក​ខ្លះ​ហៅ ដូង​ទន្សាយ ) ។​

​ដូរ​

​កិរិយាសព្ទ​

​ផ្ដូ​រ​របស់​, ឲ្យ​របស់​ទៅវិញទៅមក​ដោយ​ទុក​តម្លៃ​ជា​ស្មើគ្នា​
​ដូរគោ​, ដឹក​ឳ​ឡឹ​ក​ទៅ​ដូរ​ស្រូវ ។​