ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​បញ្ជាក់ឲ្យដឹងថាប្រទេសកម្ពុជាបានជាប់ចំណាត់លេខ ១០៧ នៅលើពិភពលោកជាប្រទេសដែលមានការប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៤៨,០០០ បារ៉ែលក្នុងមួយថ្ងៃ ,ខណៈ​សហ​រដ្ឋ​អាមេរិកបានជាប់ចំណាត់ថ្នាក់លេខ ១ក្នុងការប្រើប្រាស់ប្រេង ឥន្ធនៈរហូតដល់ ១៩,៦ លានបារ៉ែលក្នុង​១ថ្ងៃ ,ប្រទេស​ចិននៅចំណាត់ថ្នាក់ទី២ មាន ១២លានបារ៉ែលក្នុងមួយថ្ងៃ និង ឥណ្ឌា ៤លានបារ៉ែលក្នុង១ថ្ងៃ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៦៤១១ នាក់នាព្រឹកថ្ងៃ ទី១៧ ខែតុលាឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖មាន​វេបសាយមួយលើកឡើងថាការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ១០៧ ហើយនៅលើពិភពលោកអ្នកដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើន​ជាង​គេគឺ​សហ​រដ្ឋអាមេរិក ។ មិនមានន័យថាអាម៉េរិកមាន ប្រជាជនតិចជាងប្រទេសចិន និងឥណ្ឌា តែការប្រើ​ប្រាស់ប្រេងមិនតិចជាង ចិននិងឥណ្ឌានោះទេ។ សម្តេចតេជោបន្តថាកម្ពុជាបានស្ថិត​ក្នុងចំណាត់ថ្នាក់ លេខ ១០៧ ហើយកម្ពុជាប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៤៨,០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈសហរដ្ឋអាមេរិកប្រើប្រាស់ប្រេងឥន្ធនៈក្នុងមួយថ្ងៃ ១៩,៦លាន បា រ៉ែល,ប្រទេស​ចិន ១២លានបារ៉ែល និងឥណ្ឌា៤លានបារ៉ែលក្នុង១ថ្ងៃ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ដថាកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ ១០៧ ក្នុងចំណោមប្រទេស​ ២១៤ ប្រទេស ។ បានសេចក្តីថាគេមើលទិន្នន័យនេះ គឺកម្ពុជាមានតួលេខ នៅលើគេជាង​១០០ប្រទេសនៃការប្រើប្រាស់ប្រេងឥន្ធនៈ ។ សម្ដេចតេជោបានបន្ថែមថាសូម្បីតែប្រទេស​សិង្ហបុរីជាប្រទេសមួយតូចប៉ុន្តែបានប្រើប្រាស់ប្រេងឥន្ធនៈខ្ពស់ផងដែរ។ ប្រទេសសិង្ហបុរីស្ថិតក្នុងចំណាត់ថ្នាក់លេខទី ១៦ ដោយប្រើប្រាស់ប្រេងឥន្ធនៈចំនួន ១៣៥ ៧០០ បារ៉ែល ៕