ដោយ៖ ដេប៉ូ / សៀមរាប៖ នៅក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ក្នុងសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅតាមបណ្តារោងចក្រ សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភ យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងរួមគ្នា ជាមួយដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ ជាពិសេសការជំរុញ ការអនុវត្តផែនការសកម្មភាព ការងាររបស់បណ្តាញសុវត្ថិភាព និងសុខភាពការងារអាស៊ាន ឆ្នាំ២០២១-២០២៥ ដែលស្ថិតនៅក្នុងសកម្មភាព អាទិភាពទី៣ នៃកម្មវិធីការងាររបស់រដ្ឋមន្ត្រីខាងការងារអាស៊ាន និងសកម្មភាពទី២ នៃ “ស្តង់ដាសុវត្ថិភាព និងសុខភាពការងារ និងការអនុវត្តល្អប្រសើរ” នៃសកម្មភាពការងាររបស់អាស៊ាន អូស្ហណេត។

គួរបញ្ជាក់ថា សិក្ខាសាលាដែលមានរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ រៀបចំដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រោមការគាំទ្រផ្នែកបច្ចេកទេស ពីអង្គការអន្តរជាតិខាងការងារ ធ្វើនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី ប្រធានសហព័ន្ធ និយោជកអាស៊ាន ប្រធានលេខាធិការដ្ឋាន អាស៊ាន អូសណេត អនុប្រធានក្រុមប្រឹក្សា សហជីពអាស៊ាន នាយកការិយាល័យអង្គការអន្តរជាតិ ខាងការងារប្រចាំប្រទេស កម្ពុជា ថៃ និងឡាវ និងតំណាងលេខាធិការដ្ឋានអាស៊ាន, លេខាធិការដ្ឋានអាស៊ាន អូសណេត, តំណាងបណ្តាប្រទេសអាស៊ាន, អង្គការនិយោជកអាស៊ាន, អង្គការនិយោជិតអាស៊ាន, តំណាងប្រទេសដៃគូអាស៊ាន។

លោករដ្ឋមន្រ្តីក្រសួងការងារ អ៊ិត សំហេង បានលើកឡើងថាៈ យោងតាមស្ថិតិរបស់ អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើន បំផុតនៅលើពិភពលោក។ ជាក់ស្តែង នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧ – ៩៩ ភាគរយ នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ ប្រមាណ ៦០ – ៨០ ភាគរយ នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភព នៃការផ្តល់ការងារ ដល់កម្លាំងពលកម្ម នៃបណ្តារដ្ឋជាសមាជិកអាស៊ាន។
ប៉ុន្តែកន្លងមក សង្កេតឃើញថា រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសង្គមនានា មានការជួបប្រទះ នូវបញ្ហា ប្រឈមសំខាន់ៗ ក្នុងការផ្តល់សេវា និងការធានាអនុលោមភាព តាមបទបញ្ញត្តិ ផ្សេងៗ ទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ ដែលនេះ បណ្តាលមកពី កត្តាផ្សេងៗ ដូចជា ការមិនស្ថិតនៅក្នុងប្រព័ន្ធការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Economy) និងកង្វះខាតការយល់ដឹងផ្នែកសុវត្ថិភាពការងារ នៅកន្លែងធ្វើការជាដើម ដែលជាហេតុធ្វើឱ្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមបណ្តាសហគ្រាសទាំងនេះ នៅមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយនៅឡើយ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរ តួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ច កាន់តែមានភាព ធន់ខ្ពស់ ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោលនយោបាយ ចំពោះ សហគ្រាសធុនតូច និងមធ្យម និងកម្មករ និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖
ទី១- លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សហគ្រិន និងកម្មករ និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមាន គំនិតច្នៃប្រឌិត សហគ្រិនភាព បង្កើតមុខរបរការងារធ្វើ ដោះស្រាយបាននូវ ជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយ ភាពក្រីក្រ។
ទី២- លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជាការផ្តល់ប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាម ប្រព័ន្ធតេស្ត សមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបប ប្រាក់សោធន និវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីនៅពេលសម្រាលកូន។
ទី៣-ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវ អត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។
ទី៤- ជួយសម្រួលដល់បរិយាកាស នៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទី៥- លើកទឹកចិត្តចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌៕/V-PC