ដោយៈ កាំ​ពី / ក្រចេះ ៖នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្តក្រចេះ បាន​នាំយក​ពូជស្រូវ របស់​រាជរដ្ឋាភិបាល ចំនួន ៧៦.០០០ គីឡូក្រាម មក​ចែកជូន​បងប្អូន ប្រជាកសិករ ដែល​ទទួលរង​គ្រោះ​ផលប៉ះពាល់ ពី​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ ផ្តល់​ជូនទៅ​ស្រុក​ព្រែក​ប្រសព្វ -​ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ​។​

​លោក វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​គូសបញ្ជាក់ថាៈ ពូជស្រូវ​ដែល ទទួលបាន​ពី​រាជ​រដ្ឋា​បាល ពេលនេះ គឺជា​ប្រភេទ​ពូជស្រូវ​ថ្មី ជា​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ មាន​រយៈពេល​តែ ១១៥ ថ្ងៃ តែប៉ុណ្ណោះ សម្រាប់​ដាំ​ដុះ និង​ប្រមូល​ផល តែ​មុននឹង​យកទៅ ធ្វើ​ការដាំដុះ សូម​បងប្អូន​ប្រជាពលរដ្ឋ យក​គ្រាប់​ពូជស្រូវ​ទាំងអស់នោះ យកទៅ​ហាលថ្ងៃ សិន ដើម្បី​ឲ្យ​ស្ងួត​ល្អ ចាំ​យកទៅ​ដាំ​ដុះ​សាប​ព្រួស ទើប​គ្រាប់ស្រូវ​ដុះ​ចេញ​ល្អ ។​

​រូបថត ៥​សន្លឹក រដ្ឋបាល​ខេត្តក្រចេះ​ចែក​ស្រូវពូជ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​លោក​អភិបាល បាន​បន្តទៀតថាៈ រដ្ឋាភិបាល បានគិត​គូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ​គ្រប់​ស្ថានភាព ក្នុងនោះ គិត​អំពី​បញ្ហា​សុខមាលភាព​សាធារណៈ ដែល​រង​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ និង​ភាពខ្វះខាត ក្នុងកំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ថែម​ពី​នោះ បានគិត​គូរ​ពី​ការបង្ករ​បង្កើន​ផល ដំណាំ​កសិកម្ម ដើម្បី​ស្តារឡើងវិញ ក្រោយ​ប៉ះពាល់​ពី​ទឹកជំនន់ និង​ក្រោយពី​ទឹកជំនន់ បាន​ស្រក​ចុះ ។

​លោក​អភិបាល បានបញ្ជាក់​ថាៈ ការផ្ដល់​គ្រាប់​ពូជស្រូវ​នេះ ជា​ជំហាន​ដំបូង គឺ​យើង​ដោះ ស្រាយ ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវិត​ខ្វះខាត ជា​ចម្បង​សិន ចំណែក​ប្រជាពលរដ្ឋ ដែល​មិនទាន់​បានទទួល​គ្រាប់ពូជ សូមកុំ​ទាន់​អាក់អន់ ស្រពន់ចិត្ត​អី រាជរដ្ឋាភិបាល នៅតែ​បន្ត​ចែក​គ្រាប់​ពូជស្រូវ​ដល់​ប្រជាពលរដ្ឋ​ណា ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ឲ្យ​បាន​គ្រប់ៗ​គ្នា​៕/V.mara

​រូបថត ៥​សន្លឹក រដ្ឋបាល​ខេត្តក្រចេះ​ចែក​ស្រូវពូជ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​។​