ដោយ៖ សម្បត្តិ/ភ្នំពេញ ៖ បុរសម្នាក់បានសម្លាប់នារីជាសង្សារ រួចសម្លាប់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងបន្ទប់ជួលលេខ១៦ ជាន់ទី២ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នាវេលាម៉ោង៧ និង១១នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នារីដែលបានស្លាប់មានឈ្មោះ វឿន សីហា ហៅក្តឹប អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ទើបតែបាន១សប្តាហ៍ មានស្រុកកំណើត នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានឪពុកឈ្មោះ អ៊ន សាវឿន អាយុ ៣៩ឆ្នាំ មុខរបរកសិករ និង ម្តាយឈ្មោះ ឃុន ធឿន អាយុ ៤១ឆ្នាំ មុខរបរកសិករ ។ ចំណែកឯ ភាគីខាងសពបុរសវិញ ត្រូវជាគូសង្សារនឹងគ្នា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុជាង ២០ឆ្នាំ។

តាមការរៀបរាប់ពីស្ត្រីម្នាក់ ត្រូវជាម្តាយមីង ឈ្មោះ យិន ភឿន អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិជីកក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានឱ្យដឹងថា ក្មួយស្រីរបស់គាត់ បានស្រឡាញ់គ្នា ជាមួយបុរសម្នាក់ខាងលើ ដោយ កន្លងមកក្មួយស្រី បានស្នាក់នៅជាមួយគាត់ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏បានសុំគាត់ជួលបន្ទប់នៅបែកគ្នា ទើបតែបាត់ដំណឹង មិនឃើញមុខតែ២ថ្ងៃសោះ ក៏ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ទូរស័ព្ទរក តែមិនចូល ទើបមកតាមរកមើល ឃើញបន្ទប់បិទទ្វារជិត ហៅមិនឆ្លើយទើបឱ្យអ្នកក្បែរខាងជួយគាស់បើកបង្អួចមើល ក៏ស្រាប់តែប្រទះឃើញ ដេកស្លាប់ទាំង២នាក់ ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលតែម្តង។

សូមម្រាប់ថា បើតាមការពិនិត្យបឋម ជាក់ស្តែងខាងស្រីមានស្នានរបួសបែកមុខ រីឯខាងប្រុសវិញ មានស្នាមអារក អាចសន្និដ្ឋាន ផ្តើមចេញពីរឿងភ្លើងប្រច័ណ្ឌ វាយសម្លាប់នារី ដែលជាសង្សាររួចហើយ អារកសម្លាប់ខ្លួនឯងតាមក្រោយដោយ មកដល់ព្រឹកនេះ សពគូសង្សារមានធំក្លិនផងដែរ។ ក្រោយពីប្រទះឃើញ គូសង្សារស្លាប់ទន្ទឹមគ្នានៅក្នុងបន្ទប់ជួលលេខ១៦ ខាងលើនេះ ដោយសង្ស័យថា ផ្តើមចេញពីភ្លើងប្រច័ណ្ឌ ខណៈពេលនេះ សមត្ថកិច្ចមូលដ្ឋាន បានសហការគ្នាជាមួយសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីធ្វើការស្រាវជ្រាវ រកសាច់ញាតិខាងប្រុសមុននឹងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕