​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លោក​សាយ គឹម ឡ​ម និង​មន្ត្រី​ជំនាញ់​ពាក់ព័ន្ធ​ច្រើន​រូប បន្ត​នាំយក​ពូជស្រូវ​ស្រាល មិន​ប្រកាន់​រដូវ ប្រភេទ OM ៥៤៥១ របស់​សម្ដេច​តេ​ជោ ចំនួន ១៣.៣០០ គីឡូក្រាម ចែកជូន​ប្រជាពលរដ្ឋ ចំនួន ២០៤ គ្រួសារ មកពី ៣ ឃុំ ដែលមាន​ផ្ទៃដី​ទទួលរង​ផលប៉ះពាល់ ខូចខាត​ទាំងស្រុង ដោយសារ​ទឹកជំនន់​ចំនួន ១២៦ ហិកតា ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​។​

​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថាៈ មកដល់ពេលនេះ នៅក្នុង​ស្រុក​ស្ទោង ក្រុមការងារ​បាន​ចែកជូន​ពូជស្រូវ​ស្រាល របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ម​កម្ពុជា បាន​ចំនួន ៣ លើក​ហើយ ដែល​ការចែក​ពូជស្រូវ​ស្រាល​នេះ ទៅតាម​គោលការណ៍​របស់ សម្តេច​តេ​ជោ ចែក​ឲ្យ​ចំ​គោលដៅ និង​តាម​ទំហំ​នៃ​ការខូចខាត ស្រូវ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​មិនបាន​ប្រកាន់​បក្ខពួក និង​និ​ន្នា​នយោបាយ ឡើយ ។​

​លោក ងួន រតនៈ បាន​បន្ថែមថាៈ គ្រោះមហន្តរាយ​ទឹកជំនន់​នេះ គឺជា​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា ទុក្ខលំបាក​របស់ ប្រជាពលរដ្ឋ គឺជា​ទុក្ខលំបាក់​របស់​ថ្នាក់ដឹកនាំ ហើយ​ការខូចខាត​ស្រូវ​ស្រែ ក្នុង​ខេត្តកំពង់ធំ​ទាំងមូល គឺ​ខូចខាត​សរុប ១២.០០០ ហិកតា​ឯណោះ ចំណែក​ការប៉ះពាល់​ហេ​ដ្ឋា រចនាសម្ព័ន្ធ ជាច្រើន​ផង ក្នុង​មូលដ្ឋាន ហើយ​ការខូចខាត​ទាំងអស់នេះ គឺ​រដ្ឋបាល​ខេត្តកំពង់ធំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នឹង​ស្ថាបនា​ឡើង​ទាំងអស់​នៅពេល​ទឹក​ស្រក​ទៅវិញ​៕/V​.mara