​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ រដ្ឋអាជ្ញា​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ តុលា​ថា កីឡាករ​បាល់ទាត់​របស់​ក្លិប​បិសាច​ក្រហម Manchester United ម៉ា​សុន ហ្គ្រី​ន​វូដ (Mason Greenwood) ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ បញ្ចេញ​អាកប្បកិរិយា​ឃាត់ឃាំង​មនុស្ស និង​វាយដំ​។​

​តារាបាល់ទាត់​អាយុ ២១ ឆ្នាំ​រូប​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មករា បន្ទាប់​ពី​រូបភាព​និង​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ត្រូវ​បាន​បង្ហោះ​ដោយ​ស្ត្រី​ម្នាក់​ដែល​រាយការណ៍​អំពី​ឧបទ្ទវហេតុ​នៃ​អំពើហិង្សា​លើ​រាង​​កាយ​។​

​រដ្ឋអាជ្ញា លោក ចា​ណេត ផត​ធឺ (Janet Potter) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្ងៃនេះ សេវា​រដ្ឋអាជ្ញា​អង់គ្លេស​អនុញ្ញាត​ឱ្យ​ប៉ូលិស​ក្រុង​ម៉ាន់​ឆេ​ស្ទើ​ចោទប្រកាន់ម៉ា​សុន ហ្គ្រី​ន​វូដ អាយុ ២១ ឆ្នាំ ពី​បទ​ប៉ុនប៉ង​រំលោភ បញ្ចេញ​អាកប្បកិរិយា​ឃាត់ឃាំង​និង​បង្ខិតបង្ខំ និង​វាយដំ​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​”​។​

“​បទល្មើស​ទាំងបី​គឺពាក់ព័ន្ធ​នឹង​អ្នក​ប្តឹង​តែ​មួយ​”​។​

​ហ្គ្រី​ន​វូដ​នឹងត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ជាន់​ទាប​ម៉ាន់​ឆេ​ស្ទើនិង​សាល់​ហ្វ​ត (Salford) នៅ​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​និយាយថា “​ប៉ូលិស​ក្រុង​ម៉ាន់​ឆេ​ស្ទើ​បាន​ចោទប្រកាន់​និង​ឃុំខ្លួន​បុរស​អាយុ ២១ ឆ្នាំ​ម្នាក់​ពី​បទ​ឃាត់ឃាំង​និង​បង្ខិតបង្ខំ ប៉ុនប៉ង​រំលោភ និង​វាយដំ​លើ​ស្ត្រី​”​។​

​ទាំង​ហ្គ្រី​ន​វូដ​និង​តំណាង​របស់​គេ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ដំណាក់កាល​ចោទប្រកាន់​ប្រឆាំង​នឹង​រូបគេ​៕

ហ្គ្រី​ន​វូដ​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពី​បទ​ប៉ុនប៉ង​រំលោភ បញ្ចេញ​អាកប្បកិរិយា​ឃាត់ឃាំង​និង​បង្ខិតបង្ខំ និង​វាយដំ​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​