​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ហ្វូ​ស៊ីល ដែល​រកឃើញ​នៅ​ចិន​ថ្មីៗ បានបង្ហាញ​ថា បងប្អូនជីដូន​បុរាណ​នៃ “​ដង្កូវ​លិង្គ​” សម័យ​ទំនើប​ប្រហែលជា​មាន​ខួរក្បាល​មែន​។​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្តុតាង​នៃ​ខួរក្បាល​ហ្វូ​ស៊ីល​នៅ​ក្នុងស​ត្វ​ដង្កូវ​បុរេប្រវត្តិ ដែល​មានឈ្មោះ​ថា Markuelia Hunanensis ដែល​គេ​ជឿ​ថា​ជា​បុព្វបុរស​របស់​ដង្កូវ Priapulid ដែល​គេ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ថា “​ដង្កូវ​លិង្គ​”​។​

​ហ្វូ​ស៊ីល​នេះ​មាន​អាយុកាល​តាំងពី​សម័យ Cambrian (៤៨៥ – ៥៣៩ លាន​ឆ្នាំមុន​) ហើយ​ត្រូវ​គេ​គិតថា​មាន​អាយុកាល​ប្រហែល ៥០០ លាន​ឆ្នាំ​។​ហ្វូ​ស៊ីល​នេះ​ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ខេត្ត​ហ៊ូ​ណាន​​ភាគ​កណ្តាល​ប្រទេស​ចិន ហើយ​ការសិក្សា​ជា​សកល​គឺ​រួមបញ្ចូល​ទាំង​អ្នកវិទ្យាសាស្ត្រ​មកពី​ប្រទេស​នេះ​ផងដែរ​។​

​ថ្វីបើ​ទើប​រកឃើញ​ថ្មីៗ​ក៏ដោយ ក៏ប៉ុន្តែ​ការរកឃើញ​នេះ​អាច​កត់សម្គាល់​ពី​របក​គំហើញ​ដ៏​សំខាន់​មួយ​នៅក្នុង​វិទ្យាសាស្ត្រ​ហ្វូ​ស៊ីល​សត្វ ៖ វា​ជា​ពេលវេលា​ដ៏​កម្រ​នៅពេល​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​​ឧទាហរណ៍​ច្បាស់លាស់​នៃ​ជាលិកា​ខួរក្បាល​ហ្វូ​ស៊ីល​កាល​ពី​រាប់រយ​លាន​ឆ្នាំមុន​។​

​ការសិក្សា ដែល​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Royal Society of Open Science នៅ​ដើមខែ​តុលា បាន​គូររូប​ភាព​នៃ​ខួរក្បាល​ហ្វូ​ស៊ីល​ដែល​ប្រកាន់ខ្ជាប់​នឹង​ការ​ពិនិត្យពិច័យ​ផ្នែក​សិក្សា​​និង​អាច​ផ្តល់​នូវ​ភស្តុតាង​រឹងមាំ​ដើម្បី​គាំទ្រ​ផ្នែក​តែ​ម្ខាង​នៃ​ការជជែក​ដេញដោល​គ្នា​យ៉ាង​វក់វី នេះ​បើ​យោង​តាម​វេបសាយ Live Science ដែល​ជា​សារព័ត៌មាន​អន​ឡាញ​មួយ​។​

​ការបញ្ជាក់​ពី​អត្ថិភាព​នៃ​ជាលិកា​ខួរក្បាល​ហ្វូ​ស៊ីល​គឺ​ពិតជា​លំបាក​ណាស់ ដោយសារ​តែ​ជាលិកា​ទន់​នៅក្នុង​ខួរក្បាល​សត្វ​បំបែក​លឿន​ជាង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ជាហេតុ​ធ្វើឱ្យ​វា​កម្រ​អាច​រស់​​រានមាន​ជីវិត​ដល់​រាប់រយ​លាន​ឆ្នាំ​។​

​អ្នកជំនាញ​ខាង​បុរាណវិទ្យា​មួយក្រុម​មិន​ជឿ​ថា​ជាលិកា​ខួរក្បាល​អាច​រស់​បាន​យូ​រ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​ហ្វូ​ស៊ីល​ដែល​យើង​អាច​មើលឃើញ​សព្វថ្ងៃ​នោះទេ​។​

​ទោះ​យ៉ាងណា​មាន​ពេលខ្លះ​បុរាណ​វិទូ​អះអាងថា ពួកគេ​បាន​រកឃើញ​ជាលិកា​ខួរក្បាល ប៉ុន្តែ​បាន​ដាក់​ការសង្ស័យ​ភ្លាមៗ​ព្រោះ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ជឿថា ជាលិកា​សរសៃប្រសាទ​ងាយ​ផ្ទុះ​ណាស់​មិន​អាច​ក្លាយ​ជា​ហ្វូ​ស៊ីល​ទេ​៕

​សាច់ញាតិ​បុរាណ​របស់ “​ដង្កូវ​លិង្គ​” មាន​ឧទាហរណ៍​ច្បាស់លាស់​នៃ​ខួរក្បាល​ហ្វូ​ស៊ីល