​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​តុលា​ថា​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កងកម្លាំង​រុស្ស៊ី​និង​អ៊ុ​យក្រែន​​កំពុង​កើតឡើង​នៅ​ជុំវិញ​ទីប្រជុំជន​ចំនួន​ពីរ​នៅក្នុង​តំបន់​ដូណិត​ស​ខ៍ (Donetsk)​ភាគ​ខាងកើត​អ៊ុយ​ក្រែន​គឺ បាក់​មុត (Bakhmut)​និង សូ​ឡេ​ដា (Soledar) ។​

​ការប្រយុទ្ធ​គ្នា​មាន​សភាព​ធ្ងន់ធ្ងរ​ជាពិសេស​កាលពី​ចុង​សប្តាហ៍​នៅ​ក្នុង​តំបន់​ដូណិត​សខ៍និង​លូ​ហានស​ខ៍ (Luhansk)​ដែល​បង្កើតបានជា​តំបន់ឧស្សាហកម្ម​ដុន​បាស​ដ៏​ធំ និង​ខេត្ត​យុទ្ធសាស្ត្រ​ឃើ​សុន (Kherson) ដ៏​សំខាន់​នៅ​ភាគខាងត្បូង​។ ដុន​បាស​បង្កើតបានជា​ខេត្ត​ចំនួន​បី​ក្នុងចំណោម​ខេត្ត​បួន​ដែល​លោកពូ​ទីន​បានប្រកាសថា​ជា​ផ្នែក​នៃ​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​ដែល​ជា​ចំណាត់ការ​មួយ​​ត្រូវ​បាន​ច្រានចោល​ដោយ​អ៊ុយ​ក្រែ​ន​និង​សម្ពន្ធមិ​ត្តលោក​ខាងលិ​ចរបស់​ខ្លួន​ថា​មិន​ស្របច្បាប់​។​

​ទីប្រជុំជន​បាក់​មុត​គឺជា​គោលដៅ​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​រុស្ស៊ី​នៅក្នុង​ចលនា​រុលទៅមុខ​សន្សឹមៗ​របស់​ពួកគេ​ឆ្លងកាត់​តំបន់​ចាប់តាំងពី​ការដណ្តើមយក​ទីប្រជុំជន​ឧស្សាហកម្ម​សំខាន់ៗ​ដូចជា លី​ស៊ី​ចាន់​ស​ខ៍ (Lysychansk) និង​ស៊ីវើ​រ៉ូ​ដូណិត​ស​ខ៍ (Sievierodonetsk) ក្នុង​ខែមិថុនា​និង​ខែកក្កដា​។ ទីប្រជុំជន​សូ​ឡេ​ដា​មាន​ទីតាំង​នៅ​ភាគ​ខាងជើង​ទីប្រជុំជន​បាក់​មុត​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​វីដេអូ​នៅពេល​យប់​របស់​គាត់​ថា “​ចំណុចក្តៅ​សំខាន់ៗ​នៅក្នុង​តំបន់​ដុន​បា​ស គឺ​សូ​ឡេ​ដា​និង​បាក់​មុត​។ ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​កំពុង​កើតមាន​នៅ​ទីនោះ​”​។​

​អគ្គសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​ទីតាំង​ជាច្រើន​របស់​អ៊ុយ​ក្រែន​នៅ​សមរភូមិ​ជួរ​មុខ​កាលពី​ថ្ងៃអាទិត្យ​ដោយ​គោលដៅ​​ទាំងនោះ​រួម​មាន​ទីប្រជុំជន​ក្នុង​តំបន់​ខា​គី​វ តំបន់​ដូណិត​ស​ខ៍ និង​តំបន់​ឃើ​សុន​។​

​អ្នកវិភាគ​យោធា​អ៊ុ​យក្រែន លោក អូ​ឡេ ស្តា​នូវ (Oleh Zhdanov)​បាន​លើកឡើង​ថា ការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​កំពុង​កើតឡើង​នៅ​ភាគ​ខាងជើង​ទីប្រជុំជន​បាក់​មុត ដោយ​អះអាង​ថា​កងកម្លាំង​​អ៊ុយ​ក្រែន​បាន​វាយលុក​លើ​ការ​រុលទៅមុខ​របស់​រុស្ស៊ី​លើ​ទី​ប្រជុំជនថ័រ​ស្កេ (Torske) និង​ស្ព្រី​ន (Sprine) ក្នុង​រយៈពេល ២៤ ម៉ោង​មក​នេះ​។​

​លោក​ស្តា​នូវបាន​បង្ហោះ​លើ​អ៊ីនធឺណិត​ថា “(​រុស្ស៊ី​) បាន​សម្រេចចិត្ត​ផ្លាស់​ទី​ឆ្លងកាត់​ទី​ប្រជុំជនថ័រ​ស្កេនិ​ង​ស្ព្រី​ន​។​ទីតាំង​នៅ​កន្លែង​ទាំងនោះ​កំពុង​ស្ថិត​ក្រោម​កាន់កាប់​ចុះឡើងៗ​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ជា​​ទៀងទាត់​។ បញ្ជាការ​របស់​យើង​កំពុង​បញ្ជូន​កម្លាំង​ទៅ​ពង្រឹង​នៅ​ទីនោះ ទាំង​ទាហាន​និង​កាំភ្លើង​ធំ​ដើម្បី​ទប់ទល់​នឹង​ឧត្តមភាព​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ទាំងនោះ​”​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​កងកម្លាំង​របស់​ខ្លួន​បាន​វាយ​បង្ក្រាប​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងទ័ព​អ៊ុយ​ក្រែន​ដើម្បី​ឈាន​ទៅ​ក្នុង​តំបន់​ដូណិត​ស​ខ៍ ឃើ​សុន និង​មី​កូឡាអ៊ីវ (Mykolaiv)​ដោយ​បង្ក​ការបាត់បង់​យ៉ាងសំខាន់​ដល់​អ៊ុ​យក្រែន​។​

​រុស្ស៊ី​ក៏​និយាយ​ដែរ​ថា ខ្លួន​កំពុង​បន្ត​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​គោលដៅ​យោធា​និង​ថាមពល​ក្នុងប្រទេស​អ៊ុ​យក្រែន ដោយ​ប្រើប្រាស់​អាវុធ​នាំ​ផ្លូវ​ជាក់លាក់​រយៈ​ចម្ងាយ​ឆ្ងាយ​៕

ការប្រយុទ្ធ​គ្នា​កំពុង​ផ្ទុះ​ខ្លាំង​នៅ​តំបន់​ដូណិត​ស​ខ៍​