ដោយៈ ប​.​ខុន / ភ្នំពេញៈ នៅពេល​ព្យុះ​ទី​២០ ឈ្មោះ នេសាត (NESAT) ដើរមក​ដល់ កៀក​ខាងត្បូង​កោះ​ហៃណាំ  ​ភ្លៀង​រដូវវស្សា នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​ធ្លា​ក់រាយ ប៉ាយ សារជាថ្មី ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ខេត្តកំពង់ឆ្នាំង ចុះក្រោម (​ត្បូង​) និង​ក៏​អាច មាន​រុញ​ទៅដល់​តំបន់​ទំនាប​កណ្តាល ភាគ​ពាយព្យ​ផងដែរ​ ​ដោយសារ​ឥទ្ធិពល​សម្ពាធ ទាប​នានា កើត មាននៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​បន្តបន្ទាប់ រហូតដល់​ចុងខែ​នេះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​ថាៈ ព្យុះ​ទី​២០ ឈ្មោះ នេសាត (NESAT) បាន​បង្កើន​ឥទ្ធិពល​ទៅជា​ព្យុះ​ទី​ហ្វុ​ង ពេល​ដើរ​ចូលដល់ ក្នុង​សមុទ្រ​ចិន ខាងត្បូង ដោយនៅ​ល្ងាច​នេះ វា​ស្ថិតនៅ​ខាងកើត​កោះ​ហៃណាំ​មានដំណើរ​បន្ត​កាត់ ពីក្រោម​កោះ​នេះ ចូលក្នុង​ឈូង​សមុទ្រ​តុងកឹង និង​រលាយ​ទៅវិញ ពេល​ដើរ​ដល់​លើ​ឆ្នេរ​របស់ ប្រទេស​វៀតណាម ខាងជើង នៅ​ថ្ងៃទី​២១ ខែតុលា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ  ​នៅពេល​ព្យុះ​នេះ ដើរមក​កៀក ខាងត្បូង​កោះ​ហៃណាំ ធ្វើឱ្យ​ភ្លៀង​រដូវវស្សា ត្រឡប់មកវិញ ជាមួយនឹង​ការធ្លាក់ រាយប៉ាយ​ច្រើន​ឡើងវិញ​ជាថ្មី ចាប់ពី​ថ្ងៃទី​១៩ ខែតុលា រហូតដល់​ចុងខែ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ ដោយសារ​សម្ពាធ​ទាប​នានា កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ព្រម​ពេល​ប្រព័ន្ធ សម្ពាធ​ទាប ដែល​ពេលនេះ បាន​ចុះទៅ​ខាងត្បូង ហួស​ពី​ប្រទេស​កម្ពុជា បាន​រំកិល​ឡើង មកវិញ​។ ភ្លៀង​មាន​ធ្លាក់​ច្រើន ចាប់ពី​ខេត្តកំពង់ឆ្នាំង ចុះក្រោម (​ត្បូង​) និង​ក៏​អាចមាន​ភ្លៀង រុញ ទៅដល់​ទំនាប​កណ្តាល ភាគ​ពាយព្យ​ដែរ​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ភ្លៀង​រដូវវស្សា នៅមាន​ច្រើន​ទៀត បើ​ពិនិត្យឃើញ​តាម ការ​ព្យាករ និង​ព្យុះ ក៏​នៅ​កើតមាន​ជា​បន្តបន្ទាប់ ដើរ​ចូលមកក្នុង​សមុទ្រ​ចិន ខាងត្បូង​។ នៅក្នុង​សមុទ្រ​ចិន ខាងត្បូង ក៏​នឹងមាន​សម្ពាធ​ទាប កើតមានឡើង​បន្តបន្ទាប់​ទៀត ហើយ ដើរ​មករក​ដីសណ្ត​មេគង្គ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ខែតុលា​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន​។ តែ​នៅ​ប៉ែក ខាងក្រោម (​ត្បូង​) ទទួលរង​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ខ្សោយ ដែល​អូសបន្លាយ កាត់​លើ​ចុង​ខាងត្បូង នៃ​ដីសណ្ត​មេគង្គ ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ (​ជើង​) និង ភាគ​ពាយ័ព្យ មាន​ភ្លៀង នៅក្នុង​កម្រិត​តិចតួច​ ​តែ​នៅ​រាជធានី និង​បណ្តា​ខេត្ត​ភាគ​ខាងក្រោម អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើឱ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង និង​ភាគ​ពាយ័ព្យ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​តិចតួច ។​

​ដោយឡែក រាជធានី និង​បណ្តា​ខេត្ត​ភាគខាងត្បូង អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខ្សោយ​។​

​សម្រាប់​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​តិចតួច លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខ្សោយ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ​។ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ខ្សោយ​៕/V.mara