ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ បើតាម​កំណត់ត្រា ស្ថិតិ​យានយន្ត និង​ស្ថានភាព​ចរាចរណ៍ ដោយ​រាប់​ចាប់ពី​ថ្ងៃ​បើក​ឱ្យ ដំណើរការ​សាកល្បង នា​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ (​ម៉ោង ៧:០០​នាទី​ព្រឹក​) ដល់​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០២២(​ម៉ោង​២៤:០០​នាទី​យប់​) មាន​យានយន្ត​ចំនួន ១៩០.៣៤៦ គ្រឿង បានធ្វើ​ចរាចរណ៍​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដោយបាន​ចេញចូល​តាម​ស្ថានីយ​ទាំង ៨​ទីតាំង ខណៈដែល​ករណី​គ្រោះថ្នាក់​មាន​ត្រឹមតែ ០,០០៤%​តែប៉ុណ្ណោះ បើ​ធៀប​នឹង​ទំហំ​ចរាចរណ៍ ដែល​បាន​កត់ត្រា​នេះ​។​

​កំឡុងពេល ១៥ ថ្ងៃ​នេះដែរ ថ្ងៃ​ដែលមាន​លំហូរ​ចរាចរណ៍​មមាញឹក​បំផុត​គឺ ថ្ងៃទី​១៥ ខែតុលា ដែលជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​រំលឹក​ខួប ១០​ឆ្នាំ នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់ ព្រះ​បរម​រតន​កោដ្ឋ ហើយ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​ផងដែរ​។ ក្នុង​ថ្ងៃនោះ មាន​យានយន្ត សរុប​ចំនួន ២១.៧៩៨ គ្រឿង បានធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន​។​

​សូម​ជម្រាបជូន​ដែរ​ថា ក្នុងចំណោម​យានយន្ត ចំនួន​ជាង ១៩ ម៉ឺន​គ្រឿង ដែល​បាន ចរាចរណ៍ ក្នុង​រយៈពេល ១៥​ថ្ងៃ ចុងក្រោយ​នេះ មាន​ករណី​ត្រូវការ ការប្រឹក្សា​យោបល់ សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ចំនួន ៥០៦ ខ្សែ ដែល​បានធ្វើការ ទាក់ទង ទៅកាន់​លេខ​១៣៩៩​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ស្នើឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ស្វែងយល់ និង​អនុវត្ត តាម​សេចក្តីណែនាំ​ឱ្យបាន​ម៉ឺង​ម៉ា​ត​ចំពោះ​គ្រប់​លក្ខខណ្ឌ ក្នុង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ និង​គោរព​ច្បាប់​ចរាចរណ៍ ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការធ្វើដំណើរ របស់​បងប្អូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សុខ​សុវត្ថិភាព​៕/V​.mara