ដោយៈ សុផល / ភ្នំពេញៈ នៅសប្ដាហ៍ទី២ នៃខែតុលានេះ គៅនៅថ្ងៃទី១៦ និង ១៧ ខែតុលា ភ្ញៀវទេសចរ ទៅកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួនរហូត​ដល់ជាង ១២​ម៉ឺន ៥ពាន់នាក់ ដែលច្រើនជាងពេលបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃទៅទៀត ។ នេះបើយោង តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថាៈ ចាប់តាំងពីផ្លូវល្បឿនលឿន បើកដំណើរការមក ឃើញថា ពលរដ្ឋមកលេងខេត្តព្រះសីហនុ កាន់តែមានចំនួនច្រើនឡើង ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ ដោយក្នុងនោះមាន អ្នកនៅភ្នំពេញ អ្នកមកពីបណ្ដាខេត្តនានា ដែលចង់សាកល្បង បើកបរលើផ្លូវល្បឿនលឿន ដំបូងគេ នៅកម្ពុជា។

លោកបានបន្តថាៈ “អ្នកខ្លះគាត់ក៏បានមកសម្រាកមួយយប់ ខ្លះទៀតគាត់ត្រឡប់ទៅ ផ្ទះវិញនៅភ្នំពេញ ឬនៅបណ្ដាខេត្ត ជាប់នឹងភ្នំពេញ ពីព្រោះថា ការធ្វើដំណើរពីភ្នំពេញ មកកំពង់សោម ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ដូច្នេះគាត់អាចមកលេងមួយថ្ងៃ ហើយអាចត្រឡប់ ទៅវិញក៏បាន”។

លោកបានបន្ថែមថាៈ នៅពេលមានភ្ញៀវមកលេងកម្សាន្ត ច្រើនបែបនេះ អាជីវករនៅតាម តំបន់រមណីយដ្ឋាន ជាពិសេសនៅមាត់ឆ្នេរ ក៏ចាប់ផ្ដើមទទួលបានចំណូលកើនឡើងវិញ ផងដែរ ដែលជាកត្តាល្អមួយ សម្រាប់សេដ្ឋកិច្ចរបស់ពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ៕/V-PC