​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការផ្ទុះ​យ៉ាងខ្លាំង​ជាច្រើន​បាន​អង្រួន​កណ្តាល​រដ្ឋធានី​អ៊ុ​យក្រែន ខណៈ​ដ្រូ​ន​អត្តឃាដ​ផ្ទុក​ជាតិ​ផ្ទុះ​ជា​ច្រើន​គ្រឿង​បាន​វាយប្រហារ​ពេញ​មួយ​សប្តាហ៍​បន្ទាប់​ពី​រុស្ស៊ី​បាន​​រៀបចំ​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​។​

​អភិបាលក្រុង​គៀវ លោក វី​តា​លី គ្លី​តស្កូ (Vitaliy Klichko)​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​នេះ​ថា ខណ្ឌ​សេវ​ឆិន​កូ (Shevchenko)​នៅ​កណ្តាល​រដ្ឋធានី​បាន​រង​ការវាយប្រហារ ហើយ​ជំរុញ​ឱ្យ​អ្នកស្រុក​រក​កន្លែង​ជ្រកកោន​។​

​អ្នក​ថតរូប​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ដែល​កំពុង​ថត​ទិដ្ឋភាព​ពេល​ព្រឹក​នៃ​ទីក្រុង​គៀវ បាន​ផ្តិត​ជាប់ដ្រូន​នៅលើ​កាមេរ៉ា​ជាមួយនឹង​ស្លាប​រាង​ត្រីកោណ​និង​ក្បាល​គ្រាប់​​លយ​ចេញមក​ឃើញ​យ៉ាង​ច្បាស់​ទល់នឹង​ផ្ទៃមេឃ​ពណ៌​ខៀវ​។​

​ដ្រូ​ន​បាន​ហោះចូល​មក​ជា​ច្រើនលើក​ច្រើនសា ហើយ​បាន​បន្លឺសំឡេង​កាច​ចេញពី​ម៉ាស៊ីន​លាន់​ទ្រហឹង​របស់​វា​។ មិនទាន់មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​និង​របួស​នោះ​ទេ​។​

​ការផ្ទុះ​នេះ​បាន​កើតចេញ​ពី​ខណ្ឌ​កណ្តាល​ក្រុង​គៀវ​តែមួយ ដែល​កាល​ពី​មួយ​សប្តាហ៍​មុន មី​ស៊ី​ល​មួយ​បាន​វាយប្រហារ​សួន​កុមារ​និង​ផ្លូវ​ប្រសព្វ​នៅ​ជិត​អគារ​សំខាន់ៗ​របស់​សាកលវិទ្យាល័យ​ជាតិ​ក្រុង​គៀវ​។​

​សារ​បង្ហោះ​ជាច្រើន​នៅតាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ភ្លើង​ឆេះ​នៅក្នុង​តំបន់​រង​ការវាយប្រហារ ដែល​មាន​ផ្សែងខ្មៅ​ហុយ​ទាំង​ព្រលឹម​អុល​។​

​លោក អង់ឌ្រី យឺ​ម៉ាក (Andrii Yermak)​ជា​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុ​យក្រែន បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Telegram ថា​កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​គៀវ​ជា​​មួយ​ដ្រូ​ន Shahed របស់​អ៊ីរ៉ង់​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កំពុង​ប្រើប្រាស់​ម្តង​ហើយ​ម្តងទៀត​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ដ្រូ​ន​អត្តឃាដ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដើម្បី​កំណត់​គោលដៅ​លើ​កណ្តាល​ទីក្រុង​និង​ហេដ្ឋារចនាសម្ពន្ធ​នានា​រួម​ទាំង​ស្ថានីយ​​ថាមពល​ផងដែរ​៕

​អាគារ​នៅ​កណ្តាល​ទីក្រុង​គៀវ​រង​ការខូចខាត​ដោយ​ការវាយប្រហារ​ដោយ​ដ្រូ​ន​អត្តឃាត​

 

​ប៉ូលិស​ក្រុង​គៀវ​បាញ់​លើ​ដ្រូ​ន​រុស្ស៊ី​កាល​ពីថ្ថៃ​ចន្ទ​