ដោយ​: បូកគោ / កំ​ពតៈ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ខេត្តកំពត បានស្នើ​ដល់​អង្គការ សមាគម ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​លើកកម្ពស់​សីលធម៌​សង្គម ដោយ​បណ្តុះ​វប្បធម៌​កតញ្ញូ និង​វប្បធម៌​ចែករំលែក ដើម្បី​រក្សា​សេចក្តីថ្លៃថ្នូរ ក៏ដូចជា កាត់បន្ថយ​ទំនាស់​គ្រួសារ នៅតាម​មូលដ្ឋាន​។ លោក វ៉ិ​ត វ​ឌ្ឍ​នា អភិបាលរង​ខេត្តកំពត បានស្នើ​បែបនេះ នៅក្នុង​វេទិកា ពិគ្រោះ​យោបល់ ជាមួយ​សមាគម អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នានា​មកពី​ទូទាំង​ខេត្ត កាលពី​ព្រឹក ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ។​

​ក្នុង​ពិធី​នេះ លោក វ៉ិ​ត វ​ឌ្ឍ​នា អភិបាលរង​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ សមាគម សហគមន៍ អង្គការ​សង្គម​ស៊ីវិល​នានា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​អភិវឌ្ឍន៍ សង្គម និង​ប្រទេសជាតិ និង​ដោយឡែក បាន​ជួយ​ដល់​ការអភិវឌ្ឍ​ខេត្តកំពត ពិសេស​ពង្រឹង ការយល់ដឹង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ នៃ​ការគិត និង​ការប្រព្រឹត្ត ជា​វិជ្ជមាន​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តថាៈ ការដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធតុលាការ ពី​សំណាក់​រដ្ឋបាលខេត្ត ក្រោម​កិច្ចដឹកនាំ​របស់លោក ម៉ៅ ធនិន បាន​បង្ហាញថា ក្នុង​ទំនាស់ ជាង​មួយ​ពាន់​ករណី ភាគច្រើន ជា​ទំនាស់​ដណ្តើម​កេរ រវាង​ឪពុក និង​កូន ឬ​ម្តាយ និង​កូន ទំនាស់​បងប្អូន​បង្កើត​ជាដើម​។ បញ្ហា​ទាំងនេះ បង្ហាញ​អំពី​សីលធម៌​សង្គម របស់​ប្រជាពលរដ្ឋ ខេត្តកំពត នៅមានកម្រិត​។ ដូច្នេះ ក្នុងនាម​រដ្ឋបាលខេត្ត លោក​សូម​ស្នើ​ដល់​អង្គការ សមាគម សហគមន៍​នានា​ទូទាំង​ខេត្ត ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ពង្រឹង​ការលើកកម្ពស់ សីលធម៌​សង្គម បន្ថែមទៀត​។ ក្នុងនោះ ការជួយ​បណ្តុះ​វប្បធម៌​កតញ្ញូ វប្បធម៌​ចែករំលែក ចំពោះ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​រួមគ្នា​សងគុណ ដល់​ទឹកដី​កំណើត​របស់ខ្លួន ជា​ករណី​ចាំបាច់​បំផុត​។​

​តាម​របាយការណ៍​ពី​មន្ត្រី​ជំនាញ បាន​បញ្ជាក់ថា ខេត្តកំពត មាន​សមាគម ចំនួន​៦១ អង្គការ​មិនមែន​រដ្ឋាភិបាល ៥៤ សហគមន៍​ចំនួន ៨៣ ។ ក្នុងនោះ ភាគច្រើន បានធ្វើ​សកម្មភាព លើ​ការងារ​លើកកម្ពស់​វិស័យ​អប់រំ ការអភិវឌ្ឍន៍​មូលដ្ឋាន សិទ្ធិមនុស្ស ការងារ​អភិរក្ស​បរិស្ថាន ធនធានធម្មជាតិ ការងារ​បណ្តុះបណ្តាល និង​ស្តារ​កាយសម្បទា ដល់​ស្ត្រី កុមារ និង​ជន​ងាយ​រងគ្រោះ ជនពិការ ព្រមទាំង​ការងារ​អភិរក្ស​សិល្បៈ វប្បធម៌​ខ្មែរ ជាដើម​។​ ​រដ្ឋបាល​ខេត្តកំពត​តែងតែ​ចូលរួម​សហការ ដោយ​គាំទ្រ​ពេញទំហឹង ចំពោះ​សកម្មភាព​របស់​អង្គការ សមាគម និង​សហគមន៍​នានា​ទូទាំង​ខេត្ត​៕/V​.mara