ដោយៈ សុខសភ័ណ្ឌ / កំពង់ស្ពឺៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មន្ទីរផែនការខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីតម្រូវការគម្រោងវិនិយោគ បីឆ្នាំរំកិលខេត្ត ២០២៣-២០២៥ ក្រោមអធិបតីភាពលោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

វេទិកាពិគ្រោះយោបល់នេះ មានគោលបំណងបង្ហាញពីតម្រូវការ ក្នុងរៀបចំវេទិកាពិគ្រោះ យោបល់ អំពីការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលថា្នក់ខេត្ត បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍ មូលដ្ឋានទូទាំងខេត្ត សម្របសម្រួល បន្សំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ឆ្លើយតបនឹងតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព។

វេទិកាពិគ្រោះយោបល់នេះ ក៏បានរំពឹងទុកថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានា បានដឹង បានយល់ពីទស្សនៈ គោលបំណងសម្រាប់ស្វែងរកការគាំទ្រ ពីថ្នាក់ខេត្ត និង អង្គភាពពាក់ព័ន្ធ កៀរគរធនធានសម្រាប់គាំទ្រ គម្រោងវិនិយោគនានា ពង្រឹងកិច្ចសហការ រវាងរដ្ឋបាលក្រុង ជាមួយដៃគូអភិវឌ្ឍ និងស្ថាបនពាក់ព័ន្ធ។ សម្របសម្រួល ធ្វើឱ្យមាន សង្គតិភាព រវាងកម្មវិធីវិនិយោគក្រុង និងកម្មវិធីវិនិយោគខេត្ត។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក សុខ ភា បានផ្សព្វផ្សាយដល់លោក លោកស្រី សមាជិក សមាជិកា នៃអង្គវេទិកាថា កិច្ចការបន្តទៅមុខទៀតនេះ សម្រាប់ ក្រុមការងារ កសាងផែនការក្រុង ស្រុក ត្រូវត្រៀមរៀបចំកៀរគរធនធាន សម្រាប់គាំទ្រ គម្រោងវិនិយោគ របស់ស្រុក និងខេត្ត សម្របសម្រួលនិងធ្វើឱ្យមានសង្គតិភាព រវាងគម្រោង នៃកម្មវិធីវិនិយោគស្រុក ខេត្ត ជាមួយមន្ទីរ វិស័យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរៀបចំតារាង ១.១ គ ត្រៀមសមាហរណកម្មផែនការថ្នាក់ស្រុក។ កម្មវិធីវិនិយោគ នៅថ្នាក់ក្រុង ស្រុក។ ដូចនេះសូមមន្ទីរ អង្គភាព អង្គការ សង្គមស៊ីវិល និងវិស័យឯកជន ត្រូវត្រៀមរៀបចំ សម្រាប់ការចូលរួមគាំទ្រដល់គម្រោងសកម្មភាពដែលស្នើឡើង នៅក្នុងអង្គវេទិកាពិគ្រោះយោបល់ សមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ រដ្ឋបាលក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ដែលបានគ្រោងទុក៕/V-PC