​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុម​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ត្រូវ​គេ​រំពឹងថា​នឹង​យល់ព្រម​លើ​បេសកកម្ម​បង្វឹក​ទាហាន​អ៊ុយ​ក្រែន​ចំនួន ១៥.០០០ នាក់​ចាប់​ពី​ខែ​ក្រោយ​និង​ថវិកា​​បន្ថែម​ចំនួន​៥០០​លាន​អឺរ៉ូ ជា​ជំនួយ​អាវុធ​សំរាប់​អោយ​រដ្ឋាភិបាល​ក្រុង​គៀវ នៅពេលដែល​ពួកគេ​ជួបប្រជុំ​នៅ​ប្រទេស​លុច​សំបួ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ក្រុម​រដ្ឋមន្ត្រី​ក៏​ទំនងជា​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ផងដែរ​លើ​អ៊ីរ៉ង់​ជុំវិញ​ការបង្ក្រាប​ចុងក្រោយ​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​លើ​ក្រុម​បាតុករ ហើយ​ពិនិត្យ​ឡើងវិញ​នូវ​ទំនាក់ទំនង​របស់​ប្លុក​នេះ​ជាមួយ​ចិន ដោយ​បើកផ្លូវ​សម្រាប់​ជំហរ​កាន់តែ​តឹងរ៉ឹង​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​ពីរ​នាក់​បាន​និយាយថា ការ​បង្វឹក​យោធា​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​ហើយ​នឹង​ធ្វើឡើង​នៅលើ​ទឹកដី​សហភាព​អឺរ៉ុប​នៅ​មជ្ឈមណ្ឌល​មួយ​ក្នុងប្រទេស​ប៉ូឡូញ​និង​​មួយទៀត​នៅ​អាល្លឺម៉ង់​។​

​ប្រទេស​សហភាព​អឺរ៉ុប​ជាច្រើន​បាន​កំពុង​ណែនាំ​កងទ័ព​អ៊ុយ​ក្រែន​រួច​ហើយ​អំពី​របៀប​ប្រើប្រាស់​អាវុធ ហើយ​ការបង្ហាត់បង្ហាញ​នេះ​នឹង​បន្ត​ធ្វើ​ទៀត​។​

​សហភាព​អឺរ៉ុប​បាន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​គៀវ ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​ជាមួយនឹង​ហិរញ្ញវត្ថុ ហើយ​ដំបូង​គេ​បំផុត​គឺ​ជំនួយ​យោធា​។​

​រដ្ឋមន្ត្រីការបរទេស​នឹង​យល់ព្រម​បន្ថែម ៥០០ លាន​អឺរ៉ូ​បន្ថែមទៀត​ដល់​មូលនិធិ​ដែល​ផាត់​ទូទាត់​ជា​សំណង​ដល់​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​សម្រាប់​សព្វាវុធ​ដែល​បាន​ប្រគល់ឱ្យ​ទៅ​អ៊ុយ​ក្រែន​ដោយ​នាំ​​ឱ្យ​ចំនួន​សរុប​នៃ​ជំនួយ​អាវុធ​សម្រាប់​ទីក្រុង​គៀវ​កើន​ដល់​ជាង​បី​ពាន់​លាន​អឺរ៉ូ​៕

​ទាហាន​ថ្មី​របស់​អ៊ុយ​ក្រែន​កំពុង​ហ្វឹកហាត់​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃទី​១៥​តុលា​