​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្រុមហ៊ុន VinFast របស់​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​តុលា​ថា ខ្លួន​នឹង​ប្រមូល​មក​វិញ​នូវ​រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF e34 (EV) ចំនួន ៧៣០ គ្រឿង​ដែល​មាន​លក់​តែ​នៅលើ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ធ្វើ​ការត្រួតពិនិត្យ និង​ប្តូរ​ឧបករណ៍​ចាប់​សញ្ញា (Sensor) នៅ​ចំហៀង​រថយន្ត​។​

VinFast ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០១៩ គឺជា​អង្គភាព​មួយ​នៃ​ក្រុមហ៊ុន Vingroup ដ៏​ធំ​បំផុត​របស់​វៀតណាម ហើយ​បាន​លក់​រថយន្ត EV សរុប​ចំនួន ២.២០៨ គ្រឿង​ចាប់​តាំងពី​​ការបើក​ដំណើរការ​នៅ​ចុងឆ្នាំ​មុន​។​

VinFast បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ឧបករណ៍​ចាប់​សញ្ញា​នៅ​ចំហៀង​នៃ​ប្រព័ន្ធ​ពោង​សុវត្ថិភាព ដែល​បំពាក់​លើ​រថយន្ត​ម៉ូ​ដែល VF e34​ទំនង​ជា​ជួបប្រទះ​នឹង​បញ្ហា​មិន​បន្ស៊ី​​គ្នា​ជាមួយនឹង​ឧបករណ៍​បញ្ជា​ពោង​សុវត្ថិភាព​…​ដូច្នេះ​ហើយ​អាច​នឹង​បញ្ជូន​សញ្ញា​ខុស​ទៅកាន់​ឧបករណ៍​បញ្ជា​”​។​

​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​មិន​បាន​កត់ត្រា​កំហុស​បច្ចេកទេស​ឬ​ការ​ត្អូញត្អែរ​ណាមួយ​ពី​អតិថិជន​អំពី​បញ្ហា​ឧបករណ៍​ចាប់​សញ្ញា​នោះទេ​។​

VinFast ដែល​ឈប់​ផលិត​រថយន្ត​ប្រើ​សាំង​ក្នុង​ខែ​សីហា កំពុង​ត្រៀម​ពង្រីក​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​កន្លែង​ដែល​ក្រុមហ៊ុន​សង្ឃឹមថា​នឹង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មាន​​កេរ្តិ៍ឈ្មោះ​ល្បីៗ​ចាស់​វស្សា និង ចែកចាយ​រថយន្តស្ព័​រ​អគ្គិសនី​ទាំងស្រុង​ចំនួន ៥.០០០ គ្រឿង​ដំបូង​របស់​ខ្លួន​នៅក្នុង​ខែ​វិច្ឆិកា​។​

​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ការ​កក់​ទិញ​ទុក​មុន​ជិត ៦៥.០០០ គ្រឿង​នៅ​ទូទាំង​ពិភពលោក ហើយ​ខ្លួន​រំពឹង​លក់​រថយន្ត EV បាន​ចំនួន ៧៥០.០០០ គ្រឿង​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០២៦ ដោយ​ចាប់ផ្តើម​ជាមួយនឹង​រថយន្ត​ប្រភេទ SUV អគ្គិសនី VF8 និង VF9 ។​

​នៅក្នុង​ខែ​មីនា ក្រុមហ៊ុន VinFast បាន​និយាយថា ខ្លួន​នឹង​សាងសង់​រោងចក្រ​ផលិត​នៅ​រដ្ឋ​ន័រខា​រ៉ូ​លីណា ជាមួយ​នឹង​សមត្ថភាព​ផលិត​ប៉ាន់ស្មាន​ដំបូង​គឺ ១៥០.០០០ គ្រឿង​ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​បាន​ខ្ចី​លុយ​ធនាគារ​ក្នុង​ខែកក្កដា​ដើម្បី​ប្រមូល​មូលនិធិ​យ៉ាងហោចណាស់ ៤ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ​៕

​បុគ្គលិក​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​ផលិត​រថយន្ត VinFast ក្នុង​ខេត្ត​ហៃ​ហ្វុង​ប្រទេស​វៀតណាម ថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ ២០២២