ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម និងសហការីជាច្រើនរូប បាននាំយក អំណោយរបស់ សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហម កម្ពុជា ដើម្បីចែកជូនដល់គ្រួសារ ប្រជាពលរដ្ឋ ចំនួន ៥៨ គ្រួសារ ជាគ្រួសារងាយរងគ្រោះ និងខ្វះខាត ក្នុងឃុំចំនួន បី របស់ស្រុកបាធាយ នៅព្រឹកថ្ងៃទី១៧ តុលា នេះ។

លោក ទួច ឆៃ នាយកប្រតិបត្តិសាខាកាកបាទកម្ពុជា ខេត្តកំពង់ចាម បានឱ្យដឹងថាៈ ទាំងចំនួន ៥៦ គ្រួសារ ដែលបានអញ្ជើញមកទទួលអំណោយ មកពីឃុំទំនប់, ឃុំសណ្តែក និងឃុំត្រប់ ដែលមានចាស់ជរា ចំនួន ១៤ គ្រួសារ, ជនមានពិការភាព ចំនួន បីគ្រួសារ, ស្រ្តីមេម៉ាយក្រីក្រ ចំនួន ២១ គ្រួសារ, មានជំងឺប្រចាំកាយចំនួន ប្រាំបី គ្រួសារ និងកុមារកំព្រា ចំនួន ពីរ គ្រួសារ។

លោកនាយកប្រតិបត្តិ បានបន្តថាៈ ក្នុងនោះ មួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម, ទឹកស៊ីមួយយួរ, មីមួយកេស, ទឹកត្រីមួយយួរ, ត្រីខ ១០ កំប៉ុង, សាប៊ូ បួនដុំ, ឃីតមួយកញ្ចប់, អាវយឺតបួន, ម៉ាស់១០បន្ទះ និងថវិកា ប្រាំម៉ឺនរៀល ព្រមទាំងប្រគេនចៅអធិការវត្តសណ្តែក អង្ករ ១០០ គីឡូក្រាម, មីបួនកេស, ត្រីខបួនយួរ និងបច្ច័យមួយចំនួន៕ V / N