​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី និង​ជា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ជួរ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ម៉ឺងម៉ាត់​បំផុត ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ខណៈដែល​កិច្ចប្រជុំ​នេះ​ថ្នាក់ដឹកនាំ​កំពូលៗ​ប្រទេស​មហាអំណាច​មួយ​ចំនួន​នៅលើ​ពិភពលោក​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​។​

​ការជំរុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ដើម្បី​ធានាថា កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​តាម​ការគ្រោងទុក ។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២​នេះ នឹង​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០២២ ហើយ​ក្នុង​កិច្ចប្រជុំ​នេះ ក៏​នឹងមាន​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយចំនួន​នៅលើ​ពិភពលោក អញ្ជើញ​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ​។ ដូច្នេះ​អាជ្ញាធរ​និង​កងកម្លាំង​ទាំងអស់​ត្រូវតែ​ម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុង​កិច្ចការពារ​ប្រតិភូ ដោយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវអនុវត្ត​ចំណុច​ខ្ពស់ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៨ វិច្ឆិកា តទៅ​រហូតដល់​កិច្ចប្រជុំ​ត្រូវបាន​បញ្ចប់ ។ ការងារ​នេះ ចាប់ពី​ថ្ងៃស្អែក​ទៅ ត្រូវដាក់​កម្លាំង​ល្បាត ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទះ និង​ពិនិត្យ​រដ្ឋបាល​រាល់ថ្ងៃ​នៅ​តំបន់​ស្មុគស្មាញ​ងាយ​រងគ្រោះ ពិសេស​តំបន់​នៅក្បែរ​ទីតាំង​ស្នាក់នៅ​របស់​ប្រតិភូ​និង​កន្លែង​ប្រជុំ​របស់​ប្រតិភូ​។ ចំណែក មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កិច្ចការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ផងដែរ ដើម្បី​ធានាថា ការងារ​របស់ខ្លួន​អនុវត្ត​បានល្អ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​។

​បន្ថែម​ពីនេះ លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​អោយ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ជួលជុល​ផ្លូវ ក្រលុក​សំបុកមាន់ អ៊ុត​កៅស៊ូ​ផ្លូវ​ខូចខាត​ពាក់ព័ន្ធ​ប្រតិភូ​ឆ្លងកាត់ និង​ត្រូវ​តុបតែង​រាជធានី​ភ្នំពេញ អោយ​កាន់​តែមាន​សោ​ភណ្ឌ​ភាព​ទាក់ទាញ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ សម្រាប់​ថ្ងៃទី​១០ វិច្ឆិកា គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​មួយចំនួន​នឹង​អ​ញ្ចើ​ញ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ វិច្ឆិកា ប្រតិភូ ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​ពាក់ព័ន្ធ​អញ្ជើញ​ដល់​ហើយ​នៅ​ថ្ងៃទី​១២ វិច្ឆិកា សម្តេច​តេ​ជោ​ហ៊ុន សែន​នឹង​អញ្ជើញ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ និង​បន្ត​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ដល់​ថ្ងៃទី​១៣ វិច្ឆិកា​៕​