ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ ក្រសួងផែនការ និង វិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរ ផែនការខេត្តកំពង់ធំ បានធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ដើម្បីធ្វើបច្ចុប្បន្នភាព ចំណាត់ថ្នាក់ស្តង់ដារ វិស័យសេដ្ឋកិច្ច កម្ពុជា ឆ្នាំ២០២២ និងផ្ដល់ជាឧបករណ៍ សម្រាប់មន្ត្រី អ្នកស្រាវជ្រាវនានា ក្នុងការកែច្នៃ​ ទិន្នន័យជំរឿន អង្កេតវិភាគស្ថិតិ បានត្រឹមត្រូវ និងមានគុណភាព ។

លោក ភោគ ច័ន្ទសេដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំ បានលើកឡើងថាៈ ក្រសួងផែនការ និងមន្ទីរផែនការខេត្តកំពង់ធំ បានព្យាយាមខិតខំប្រឹងប្រែង សម្រេចបានជោគជ័យ លើការងារធំៗជាច្រើន កិច្ចការទាំងនេះ រួមមាន ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ និងការធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ច នៅទូទាំងប្រទេស ឆ្នាំ២០២១ និងការអង្កេតការងារផ្សេងៗ មាន ការអង្កេតប្រជាសាស្ត្រ និងសុខភាព អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា និងការប្រកាស ផ្សព្វផ្សាយ របាយការណ៍ចុងក្រោយ នៃលទ្ធផលអង្កេតកសិកម្ម ប្រចាំឆ្នាំ២០២០។

ទន្ទឹមនឹងនោះដែរ លោក ហ៊ាង កាណុល អនុរដ្ឋលេខាធិការ ក្រសួងផែនការ បានមាន​ប្រសាសន៍ថាៈ ចំណាត់ថ្នាក់ស្តង់ដារសកម្មភាពសេដ្ឋកិច្ច គឺជាការពន្យល់លម្អិតនូវ ទស្សនាទាន និងនិយមន័យ តាមប្រភេទសកម្មភាពផលិត ដែលធ្វើឡើងដោយគ្រឹះស្ថាន។ ចំណាត់ថ្នាក់ស្ដង់ដារសកម្មភាពសេដ្ឋកិច្ចនេះ ត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការបែងចែកទិន្នន័យ ទៅតាមប្រភេទ នៃសកម្មភាពសេដ្ឋកិច្ច ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដូចជា វិស័យផលិតកម្ម ការងារ ផលិតផល ក្នុងស្រុកសរុប និងផ្នែកស្ថិតិផ្សេងទៀត។

លោកបានបន្តថាៈ ចំណាត់ថ្នាក់ស្ដង់ដារសកម្មភាពសេដ្ឋកិច្ច គឺជាឧបករណ៍មូលដ្ឋាន សម្រាប់សិក្សា អំពីបាតុភូតសេដ្ឋកិច្ច ជំរុញការប្រៀបធៀបទិន្នន័យកម្រិតអន្តរជាតិ និងសម្រាប់ ការលើកកម្ពស់ការអភិវឌ្ឍ ប្រព័ន្ធស្ថិតិជាតិដ៏ត្រឹមត្រូវ និងកាន់តែល្អប្រសើរ ផងដែរ។

ជាចុងក្រោយ លោកអនុរដ្ឋលេខាធិការ ក្រសួងផែនការ ក៏បានសំណូមពរ សុំឱ្យសិក្ខា សាលានេះ នឹងផ្ដល់ឱកាសដ៏ល្អប្រសើរ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ទស្សនៈ ដើម្បីផ្តល់ធាតុចូល នៃសកម្មភាពសេដ្ឋកិច្ចថ្មីៗ ស្របតាមស្ថានភាពជាក់ស្ដែង នៅប្រទេសកម្ពុជាយើង។ ​ការពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាព ចំណាត់ថ្នាក់ ស្តង់ដារ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា គួរជាទីពេញចិត្ត និងសហការបានល្អប្រសើរទាំងជាតិ អន្តរជាតិ ៕ V / N