ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្ធ ទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទៈ «មិនទុកឱ្យនណាម្នាក់ អត់ស្បៀង ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរឡើង » នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ នេះ នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានមានការចូលរួមពី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការកម្មវិធីស្បៀង អាហារពិភពលោក និងអង្គការដៃគូអភិវឌ្ឍន៍វិស័យកសិកម្ម និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ។

លោក អម សុភា បានជម្រាបជូនអំពីស្ថានភាពនដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ ជា ពិសេសវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តកំពង់ឆ្នាំង ដែលមានសក្តានុពល​ក្នុងការវិនិយោគ ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសុវត្ថិភាព អាហារូបត្ថម្ភ។

លោកស្រី អានឡ័រ ឌូវែល ( Annelaure Duval) នាយិការងនៃកម្មវិធីស្បៀង​អាហារពិភពលោក ប្រចាំនៅកម្ពុជា បានឱ្យដឹងថាៈ ទិវាស្បៀងអាហារពិភពលោក នាពេលនេះ គឺជាព្រឹត្តិការណ៍សាកលរបស់ អង្គការសហប្រជាជាតិ ដែលពិភពលោក បានប្រារព្ធឡើង ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់ អំពីតួនាទីសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយ បញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្ម សំដៅឈានទៅ បញ្ចប់ភាពអត់ឃ្លាន នៅទូទាំងសាកលលោក។ ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២២ គឺជាឱកាសដែលយើង អាចពិនិត្យមើល និងកំណត់ឡើងវិញ សម្រាប់អនាគតរបស់យើង។

ដោយឡែក លោក ឱម គឹមស៊ា បានមានប្រសាសន៍ថាៈ ពិភពលោក បានរៀបចំទិវាស្បៀង អាហារពិភពលោកនេះឡើង គឺមានគោលបំណង លើកកម្ពស់ការយល់ដឹង និងសកម្មភាព ជាសាកល សម្រាប់អ្នកដែលទទួលរងគ្រោះ ដោយការអត់ឃ្លាន ធានាឲ្យបាននូវ សន្តិសុខស្បៀង និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់មនុស្សលោក។

លោកបានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អាទិភាពចម្បង ទៅលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងចាត់ទុកការវិនិយោគ លើវិស័យនេះ គឺជា «កម្លាំងពន្លឿន» ក្នុងការជួយបង្កើនល្បឿន ដល់ការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍគោលនយោបាយ និងផែនការ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងទិសដៅដ៏មុតស្រួច គឺធ្វើយ៉ាងណាឲ្យប្រធានបទ សម្រេចទទួលបានជោគជ័យ តាមការរំពឹងទុក ។

ចក្ខុវិស័យសម្រាប់ ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ គឺពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារ ប្រកបដោយសុខុមាលភាព និងសុវត្ថិភាព ដោយមានការយក ចិត្តទុកដាក់ ជាចម្បងលើស្ត្រី និងកុមារ និងការផ្លាស់ប្ដូរស្ថានភាពអាហារូបត្ថម្ភ។ ជាមួយនេះ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មស្បៀងប្រាកដជា នឹងត្រូវផ្លាស់ប្តូរប្រព័ន្ធ ឆ្ពោះទៅរក ការអភិវឌ្ឍបៃតង ដែលយើងទាំងអស់គ្នា ត្រូវបន្តអនុវត្ត ដោយត្រូវធ្វើឱ្យប្រព័ន្ធស្បៀងនេះ ផ្ដល់នូវសារធាតុចិញ្ចឹម ដល់ពលរដ្ឋកម្ពុជា និងការចែកចាយស្បៀង ក្នុងស្រុកដែលធន់នឹង ភាពងាយរងគ្រោះ ពីវិបត្តិផ្សេងៗ សំខាន់មួយទៀត សម្រាប់លើកកម្ពស់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀង នៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងការវិនិយោគ លើប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប លើប្រព័ន្ធស្បៀងទាំងមូល។

លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែសហការជាមួយកម្មវិធី ស្បៀងអាហារពិភពលោក (WFP) អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំទិវាស្បៀងអាហារពិភពលោក ជារៀងរាល់ឆ្នាំ ពុំដែលខានឡើយ ក្នុងទស្សនទានថ្មីៗ និងចក្ខុវិស័យប្រាកដ៕ V / N