​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន Tass​បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​បាន​ធ្លាក់ចំ​អគារ​លំនៅដ្ឋាន​មួយកន្លែង​នៅ​ភាគខាងត្បូង​ទីក្រុង​យ៉េស​ខ៍ (Yeysk) ភ្លាមៗ​បន្ទាប់​ពី​ហោះ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា ដោយ​បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះល្វែង​និង​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​នានា​បាន​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ថា មនុស្ស​ប្រាំមួយ​នាក់​ទៀត​បាន​បាត់​ខ្លួន​និង​១៩​នាក់​បានរ​បួស​។​ទីក្រុង​យ៉េស​ខ៍​ត្រូវ​បាន​ខណ្ឌ​ចេញពី​ទឹកដី​កាន់កាប់​របស់​រុស្ស៊ី​នៅ​ភាគ​​ខាងត្បូង​អ៊ុយ​ក្រែន​ដោយស​មុទ្រអា​ហ្សូ​វ (Azov)​ដ៏​តូចចង្អៀត​។​

​ប៉ុស្តិ៍​ព័ត៌មាន​យោធា Zvezda​បាន​ចេញផ្សាយ​វីដេអូ​មួយ ហាក់​បង្ហាញ​ការផ្ទុះ​នៅលើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​មធ្យម Sukhoi Su-34 នៅពេល​វា​ធ្លាក់​ឆ្ពោះទៅ​រក​ផ្ទះល្វែង​។​ទីភ្នាក់ងារ​សារព័ត៌​​មាន​រុស្ស៊ី​នានា​និយាយថា អ្នកបើក​យន្តហោះ​បាន​លោត​ចេញ​តាម​ឆត្រយោង​។​

អ្នកបើក​យន្តហោះ​បាន​លោត​ចេញ​តាម​ឆត្រយោង​ចេញពី​យន្តហោះ​

​ទីភ្នាក់ងារ​សារព័ត៌មាន Tass បាន​និយាយថា មន្ត្រី​ក្នុង​តំបន់​បាន​ប្រាប់​រដ្ឋមន្ត្រី​សង្គ្រោះបន្ទាន់​សហព័ន្ធ​លោក អា​ឡិច​សាន់​ឌឺ គូ​រេ​ន​កូវ (Alexander Kurenkov)​ថា មនុស្ស​ប្រាំមួយ​នាក់​ស្លាប់ និង ប្រាំមួយ​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​បញ្ជា​ឱ្យ​គាត់​ទៅ​កន្លែងកើតហេតុ​ភ្លាមៗ​បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ​។​

​វីដេអូ​ពី​វេបសាយ​បានបង្ហាញ​ផ្នែក​ធំ​នៃ​អគារ​ប្រាំបួន​ជាន់​ត្រូវ​ភ្លើង​ឆេះ​ក្រោយ​ការធ្លាក់​យន្តហោះ​។ ក្រោយ​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​ហើយ​។​

​អភិបាល​តំបន់​ក្រា​ស្នូវ​ដា (Krasnodar)​លោក វេ​នីយ៉ា​មីន កុន​ដ្រាត​យ៉េវ (Veniamin Kondratyev) បាន​បដិសេធ​របាយការណ៍​ក្នុងស្រុក​ថា យន្តហោះ​បាន​ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ​ពេញៗ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន RIA បាន​ដកស្រង់​សម្តី​គាត់ ដោយ​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ប្រសិន​នោះ​ជា​ករណី​មែន​នោះ អគារ​នេះ​ច្បាស់​ជា​នៅសល់​តែ​ពាក់កណ្តាល​ទេ​”​។​

​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ប្រហែល ២៥០ នាក់​ត្រូវបាន​ជម្លៀសចេញ រួម​ទាំង​កុមារ ៤០ នាក់​។​

RIA បាន​និយាយថា ការធ្លាក់​នេះ​បាន​កើតឡើង​អំឡុងពេល​ហោះហើរ​ហ្វឹកហាត់​ពី​អាកាសយានដ្ឋាន​យោធា​។ RIA បាន​ដកស្រង់​ក្រសួង​ការពារ​ជាតិ​ថា​អ្នកបើក​យន្តហោះ​បាន​រាយការណ៍​ថា​ម៉ាស៊ីន​​បាន​ឆេះ​នៅពេល​ហោះ​ឡើង ហើយ​ប្រេងឥន្ធនៈ​របស់​យន្តហោះ​បាន​ឆាបឆេះ​នៅពេល​វា​បុក​អគារ​។​

​គណៈកម្មាធិការ​ស៊ើបអង្កេត​រដ្ឋ​របស់​រុស្ស៊ី ដែល​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ បាន​និយាយថា ខ្លួន​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ និង​បញ្ជូន​អ្នក​ស៊ើបអង្កេត​ទៅ​កន្លែងកើតហេតុ​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា លោកពូ​ទីន​បាន​បញ្ជា​ឱ្យ​ផ្តល់​ជំនួយ​ចាំបាច់​ទាំងអស់​ដល់​ជនរងគ្រោះ​។ លោក​ក៏​បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​សុខាភិបាល​ធ្វើដំណើរ​ទៅកាន់​តំបន់​នេះ​ផងដែរ​។​

​ឧបទ្ទវហេតុ​នេះ​កើតឡើង​ជិត​ប្រាំបី​ខែ​បន្ទាប់​ពី​រុស្ស៊ី​បាន​បញ្ជូន​ទាហាន​របស់​ខ្លួន​ចូល​ទៅក្នុង​អ៊ុ​យក្រែន​៕

​អគារ​ផ្ទះល្វែង​ក្នុង​ទីក្រុង​យ៉េស​ខ៍​ឆាបឆេះ ក្រោយ​យន្តហោះ Sukhoi Su-34 ធ្លាក់ចំ​កាលពី​ថ្ងៃ​ចន្ទ