ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កម្ពុជា​បាន​សន្យាថា​នឹង​ជួយ​បណ្តុះបណ្តាល​អត្ត​ព​លិ​ក​​ខេត្ត​សុរិន្ទ​អំពី​ក្បាច់គុន​ល្បុក្កតោ​ដើម្បី​ឲ្យ​ភាគី​ថៃ​ក្លាយជា​បេក្ខភាព​មួយ​ក្នុងការ​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចូល​រូ​ម​ប្រកួត​គុន​ល្បុក្កតោ នៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងប្រទេស​កម្ពុជា​។​

​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២(CAMSOC) បានអនុញ្ញាត​ឲ្យ​លោក Tanayut Jongsukkaijai ប្រធាន​សមាគម​កីឡា​បញ្ច​សិលា នៅ​ខេត្ត​សុរិន្ទ របស់​ប្រទេស​ថៃ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ផ្តោតលើ​គុន​ល្បុក្កតោ​ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​លោក​អគ្គលេខាធិការ​បា​ន​ឲ្យ​ដឹងថា​ភាគី​ខេត្ត​សុរិន្ទ​មាន​គោលបំណង​មក​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​គុន​ល្បុក្កតោ​របស់​កម្ពុជា ដែល​គ្រោង​នឹង​បញ្ជូន​គ្រូ​ពី​ខេត្ត​សុរិន្ទ​មក​កម្ពុជា ឬ​ពី​កម្ពុជា​ទៅ​ខេត្ត​សុរិន្ទ​ដើម្បី​ផ្លាស់ប្តូរ​ក្នុងការ​បង្ហាត់បង្រៀន​ឲ្យ​យល់​ពី​លក្ខន្តិកៈ​ក្បាច់គុន​ល្បុក្កតោ ភ្ជាប់​ខ្លួន​ឲ្យ​ក្លាយជា​បេក្ខភាព​មួយ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

​លោក​បានបង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​ប្រតិភូ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​ដែល​បាន​បើក​បេះដូង ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​គុន​ល្បុក្កតោ​។ នេះ​ជា​អ្វីដែល​កម្ពុជា​ចង់បាន​គឺ​បង្កើត​ភាពងាយស្រួល មិត្តភាព​និង​សាមគ្គីភាព​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ពង្រីក​ក្បាច់គុន​ល្បុក្កតោ​ក្នុង​តំបន់​ឲ្យ​មាន​ភាពជាក់លាក់​ការទទួលខុសត្រូវ​និង​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​នៅតាម​ប្រទេស​នីមួយៗ និង​ពង្រីក​ពី​តំបន់​ទៅ​ទ្វីប ហើយពី​ទ្វីប​ទៅ​ពិភពលោក​។​

​បច្ចុប្បន្ន​គុន​ល្បុក្កតោ កំពុងមាន​វត្ត​មាននៅ​បណ្តា​ប្រទេស​ជាច្រើន​រួចហើយ ដូចជា ឥណ្ឌា អ៊ីរ៉ង់ អូស្ត្រាលី អឺរ៉ុប អាមេរិក ប៉ុន្តែ​មិនទាន់​ពង្រឹង​រចនាសម្ព័ន្ធ​ដឹកនាំ​ឲ្យ​បានល្អ​ប្រសើរ​នៅឡើយ​ទេ ដូច្នេះ​កម្ពុជា​ចាប់ផ្តើម​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍន៍ និង​រៀបចំ​ផែនការ​អភិ​​រក្ស​គុន​ល្បុក្កតោ​។ គោលការណ៍​ទាំងអស់នេះ គឺ​លោក​បណ្ឌិត ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​​កីឡា​គុន​ល្បុក្កតោ​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស ដើម្បី​អភិវឌ្ឍ​គុន​ល្បុក្កតោ​ដ៏​ផូរផង់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នឹងមាន​ប្រទេស​ជាច្រើន​ទៀត​ចូលរួម​ប្រកួត​គុន​ល្បុក្កតោ​ចាប់ពី​៧​ទៅ​៨​ប្រទេស មាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ ថៃ មី​យ៉ាន់​ម៉ា និង​កម្ពុជា​ជា​ម្ចាស់​ក្បាច់គុន​។ ជាមួយគ្នានេះ កម្ពុជា​ក៏​កំពុង​ទាក់ទង​ទៅ​ប្រទេស​ផ្សេងទៀត ដូចជា ទី​ម័​រ​ខាងកើត ជាដើម​។ ប្រសិនបើ​ទី​ម័​រ​ខាងកើត​ចូលរួម​មែន គឺ​ជោគជ័យ​ខ្លាំង ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​។​​

កម្ពុ​ជាមាន​គម្រោង​នឹង​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​អាស៊ីអាគ្នេយ៍​ដើម្បី​ពង្រីក​វិ​សាល​ភាព និង​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ក្នុង​តំបន់​ត្រឹមត្រូវ​មុន​ឆ្ពោះទៅ​ស៊ី​ហ្គេម​។ ការរៀបចំ​ការប្រកួត​មួយ​ដែលមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​ការគ្រប់គ្រង​ច្បាស់លាស់​ដើម្បី​មើល​ការខុសត្រូវ​​បច្ចេកទេស​ក្នុង​តំបន់ មិន​ថា​កម្ពុជា គឺ​គ្រប់គ្រង​ទាំងអស់គ្នា ហើយ​អនុវត្ត​ទាំងអស់គ្នា​។​

​ដើមឆ្នាំ​២០២៣​ខាងមុខនេះ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​គ្រោង​នឹង​រៀប​ចំការ​ប្រ​កួត «Pre-SEA Games» ដោយ​អញ្ជើញ​ប្រទេស​នៅក្នុង​តំបន់​ចូលរួម​ការប្រកួត​ដើម្បី​ដុសខាត់​សមត្ថភាព​ក៏ដូចជា​ពិនិត្យមើល​ពី​សិទ្ធ​ផល​នៃ​ការរីកចម្រើន​ការហ្វឹកហាត់ និង​ការផ្សព្វផ្សាយ​គុន​ល្បុក្កតោ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ឲ្យ​កាន់តែ​ល្អប្រសើរ ត្រៀម​ដណ្តើម​មេដាយ​ជូន​ជាតិ​។ ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​ក្នុងន័យ​អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ​ទៅកាន់​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ផងដែរ​៕​