​ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ លោក​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) បានបញ្ជាក់​ពី​ការជួសជុល​ពហុ​កីឡដ្ឋាន​ជាតិ (​ស្ដា​ត​អូឡាំពិក​) ដែល​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ឲ្យ​ស្របតាម​ស្ដង់ដារ FIFA សម្រាប់​ត្រៀម​បម្រើ​ឲ្យ​ការប្រកួត​កីឡាបាល់ទាត់ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​។​

​សម្រាប់​បាល់ទាត់ មិនមែន​ធ្វើការ​ប្រកួត​តែមួយ​កន្លែង​នោះទេ គឺមាន​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, ពហុ​កីឡដ្ឋាន​ជាតិ​, កីឡដ្ឋាន​ព្រី​នស៍ របស់​ក្លិប​វិសាខា និង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​នឹង​បម្រើ​ឲ្យ​ការប្រកួត​បាល់ទាត់ បុរស​-​នារី មានន័យថា ការប្រើប្រាស់​ទីលាន​សម្រាប់​ការប្រកួត​ផ្លូវការ ចន្លោះ​ពី ៤ ទៅ ៥​កីឡដ្ឋាន ដោយ​មិន​គិតពី​ទីលាន​សម្រាប់ធ្វើ​ការហ្វឹកហាត់ របស់​បណ្ដា​ប្រទេស​ចូលរួម​ឡើយ​។​

​បច្ចុប្បន្ន​យើង​ចាប់ផ្ដើម​ជួសជុល​ហើយ​។ យើង​ជួសជុល​ប្ដូរ​ពី​ស្មៅ​សិប្បនិម្មិត​មកជា​ស្មៅ​ធម្មជាតិ​។ ការរៀប​ចំនេះ យើង​គោរព​ទៅតាម​ស្ដង់ដារ​របស់ FIFA​។ អ៊ីចឹង ស្ដង់ដារ​បានន័យថា ស្មៅ​ក៏​ស្ដង់ដារ​ដែរ​ទាល់តែ​ស្មៅ​ណា​ដែល FIFA ទទួលស្គាល់​ព្រោះ FIFA មិនមែន​ទទួល​ស្មៅ​តែ​​មួយ​ប្រភេទ​ទេ គឺមាន​ច្រើន​ប្រភេទ​»​។​

​ពហុ​កីឡដ្ឋាន​ជាតិ​នេះ យើង​ក៏​នឹង​រៀបចំ​ដាក់​កៅអី​ផងដែរ គឺ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ យើង​នឹង​ចាប់ផ្ដើម​ដាក់​កៅអី​ថ្មី ជុំវិញ​ទាំងអស់​ប្រមាណ​ជាង ៣៥.០០០​កៅអី ត្រូវ​បំពាក់ ដើម្បី​បំពេញ​លក្ខខណ្ឌ​របស់ FIFA​។ រីឯ​ភ្លើង ក៏ត្រូវ​បន្ថែម​ឲ្យ​គ្រប់​តាម​លក្ខខណ្ឌ FIFA ដែរ សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​ពេលយប់​។ ចាប់ពី​ខែវិច្ឆិកា​ទៅ ទាំង​កៅអី និង​ភ្លើង យើង​នឹង​រៀបចំ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមករា ឆ្នាំ​២០២៣​។ ហេតុនេះ​អ្វីៗ​នឹង​បញ្ចប់​ទាន់ពេលវេលា​។​

​ក្រៅពី​ការជួសជុល​ពហុ​កីឡដ្ឋាន​ជាតិ​ខាងលើ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ទីលាន​បាល់ទាត់​ខាងក្រៅ ក៏ត្រូវ​ផ្លាស់ប្ដូរ​ស្មៅ​ឲ្យ​បានល្អ​ប្រសើរ​។ រីឯ​ទីលាន​បាល់ទាត់​នៅ ក្នុង​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ដ៏​ស្កឹមស្កៃ​នេះ​ក៏​កំពុង​ពិនិត្យ​បច្ចេកទេស​លើ​ការរៀបចំ​ស្មៅ​ឡើងវិញ​ផងដែរ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្មីៗ ដើម្បី​ឲ្យ​ស្របតាម​ស្ដង់ដារ FIFA សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នា​២០០​ថ្ងៃ​ខាងមុខ​។​

​លោក​វ៉ា​ត់ ចំរើន​មានប្រសាសន៍ថា​នេះ​គឺជា​គោលការណ៍​ណែនាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC និង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ត្រូវគោរព​ឲ្យ​បាន​ដាច់ខាត​នូវ​ស្ដង់ដារ​តែមួយ របស់​អន្ដរជាតិ ដើម្បី​សេចក្ដីថ្លៃថ្នូរ និង​ឲ្យ​ស័ក្ដិសម​កិត្តិយស​ជាតិ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូង​ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ​៕​