​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​និង​ម៉ិក​ស៊ិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​ថា ពួកគេ​កំពុង​ត្រៀម​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ដែល​នឹង​អនុញ្ញាត​ឱ្យ​បេ​​សក​កម្ម​អន្តរជាតិ​មួយ​ចុះ​ជួយ​កែលម្អ​សន្តិសុខ​នៅក្នុង​ប្រទេស​ហៃ​ទី ដែល​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ចេញ “​ការអំពាវនាវ​ពោរពេញ​ដោយ​ទុក្ខព្រួយ​” ឱ្យ​ជួយ​ប្រជាជន​នៃ​ប្រទេស​ដែល​ជួប​វិបត្តិ​មួយ​នេះ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អ​.​ស​.​ប លោកស្រី លីន​ដា ថូ​ម៉ា​សហ្គ្រីន​ហ្វៀល (Linda Thomas-Greenfield) បាន​ធ្វើ​សេចក្តីប្រកាស​នេះ​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ខណៈ​មនុស្ស​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ហៃ​ទី​បាន​រៀបចំ​ការតវ៉ា​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី អា​រៀល ហង់​រី (Ariel Henry) ចុះចេញ​ពី​តំណែង​។ បាតុកម្ម​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ដែល​ប្រទេស​នេះ​ប្រារព្ធ​ពិធី​រំលឹក​ដល់​មរណភាពរ​បស់​លោក ហ្សង់​ហ្សាក់ ឌី​សាយ​លីន (Jean-Jacques Dessalines) ជា​ទាសករ​ដែល​បាន​ក្លាយជា​មេដឹកនាំ​សាធារណរដ្ឋ​ស្បែក​ខ្មៅ​ដំបូង​គេ​របស់​ពិភពលោក​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​បាន​និយាយថា បេសកកម្ម “​មិនមែន​អ​.​ស​.​ប​” ដែល​បាន​ស្នើ​នេះ នឹង​ត្រូវ​បាន​កំណត់​ក្នុង​ពេលវេលា​និង​វិសាលភាព​មួយ ហើយ​នឹង​ត្រូវ​ដឹកនាំ​ដោយ “​ប្រទេស​ដៃគូ​”​ដែល​មិន​មាន​​ឈ្មោះ​ល្បី “​ជាមួយនឹង​បទពិសោធន៍​ជ្រាលជ្រៅ​និង​ចាំបាច់ ដែល​ទាមទារ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​បែបនេះ​ដើម្បី​ចូល​ជា​ធរមាន​”​។ បេសកកម្ម​នេះ​នឹង​មាន​អំណាច​ប្រើ​កម្លាំងយោធា បើ​ចាំបាច់​។​

​លោកស្រី​បាន​និយាយថា សេចក្តីសម្រេចចិត្ត​ដែល​កំពុង​ដំណើរការ​នេះ​គឺជា “​ការឆ្លើយតប​ដោយផ្ទាល់​” ទៅ​នឹង​សំណើ​កាលពី​ថ្ងៃទី ៧​ខែ​តុលា​ដោយ​នាយករដ្ឋមន្ត្រី​ហង់​រី​និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ហៃ​ទី​សម្រាប់​​ជំនួយ​អន្តរជាតិ​ដើម្បី​ជួយ​ស្ដារ​សន្តិសុខ​និង​កាត់បន្ថយ​វិបត្តិ​មនុស្សធម៌​។ វា​ឆ្លុះបញ្ចាំង​ជម្រើស​មួយ​នៅក្នុង​លិខិត​របស់​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខកាល​​ពី​ថ្ងៃទី ៩ ខែតុលា ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​សកម្មភាព​រហ័ស​ដោយ​រដ្ឋ​សមាជិក​មួយ​ឬ​ច្រើន​របស់​អ​.​ស​.​ប​ដើម្បី​ជួយ​ដល់​ប៉ូលិស​ជាតិ​របស់​ហៃ​ទី​។​

​ទាំង​រុស្ស៊ី​និង​ចិន​បាន​ចោទ​ជា​សំណួរ​អំពី​ការបញ្ជូន​កម្លាំងប្រដាប់អាវុធ​បរទេស​ទៅ​ប្រទេស​ហៃ​ទី​។​

​ហៃ​ទី​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​អតិផរណា ដែល​បណ្តាល​ឱ្យ​ឡើងថ្លៃ​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ និង​ការតវ៉ា​កាន់តែ​ធ្ងន់ធ្ងរ​ដែល​នាំឱ្យ​សង្គម​ឈានដល់​ចំណុច​បំបែក​។​ជីវិត​ប្រចាំថ្ងៃ​ក្នុងប្រទេស​ហៃ​ទី​បាន​​ចាប់ផ្តើម​បាត់បង់​ម្ចាស់ការ​កាលពី​ខែ​មុន គឺ​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​និយាយថា ការឧបត្ថម្ភ​ធន​លើ​ប្រេងឥន្ធនៈ​នឹង​ត្រូវ​លុបចោល ដែល​បណ្តាល​ឱ្យ​តម្លៃ​កើនឡើង​ទ្វេដង​។ ​ក្រុម​ជន​អន្ធពាល​បាន​បិទ​ច្រកចូល​ស្ថានីយប្រេងឥន្ធនៈ Varreux​ដែលនាំឱ្យ​មាន​កង្វះខាត​ប្រេងឥន្ធនៈ​យ៉ាងធ្ងន់ធ្ងរ​នៅពេល​ដែល​តម្លៃ​កើនឡើង​បានធ្វើឱ្យ​ស្បៀងអាហារ​និង​ប្រេងឥន្ធនៈ​មិនអាច​​ធ្លាក់​ដល់ដៃ​ប្រជាជន​ហៃ​ទី​ភាគច្រើន​។ ទឹកស្អាត​កំពុង​ខ្វះខាត ហើយ​ប្រទេស​នេះ​កំពុង​ព្យាយាម​ដោះស្រាយ​ជាមួយនឹង​ការផ្ទុះ​ជំងឺ​អាសន្នរោគ​ពេញ​ប្រទេស​ផងដែរ​៕

បាតុករ​ម្នាក់​កំពុង​លើក​ក្បាល​ខ្មោច​និង​សំបកខ្យង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ហៃ​ទី​ចុះចេញ​ពី​តំណែង​