ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ស្នើអោយ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដាក់​វិញ្ញាសា ៣​នាក់ ទល់ ៣​នាក់ ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​។​

​លោក​បញ្ជាក់ថា កីឡា​ប៉េតង់ វិញ្ញាសា​ជា​មូលដ្ឋាន គឺ​៣​ទល់​៣​។ គឺជា​វិញ្ញាសា​គោល រីឯ​វិញ្ញាសា​២​ទល់​២ និង​វិញ្ញាសា​១​ទល់​១ គឺជា​វិញ្ញាសា​អម​ប៉ុណ្ណោះ​។​ដូច្នេះ​សូម​ថ្នាក់ដឹកនាំ​សហព័ន្ធ ក៏​ដូច​គណៈកម្មការ​រៀបចំ​ការប្រកួត សូម​យកចិត្តទុកដាក់ រៀបចំ​វិញ្ញាសា​ប្រកួត​អោយ​ត្រូវ ដោយ​បញ្ចូល​វិញ្ញាសា​គោល ៣​ទល់​៣ វិញ ប្រសិនបើ​មានការ​ប្រកួត​លើក​ក្រោយៗ​ទៀត មុន​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ប៉ុន្តែ បើសិនជា​មានការ​ប្រកួត​សូមអោយ​យកចិត្តទុកដាក់​រៀបចំ​ទៅលើ​វិញ្ញាសា​ប្រកួត ពីព្រោះថា ជាគោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កីឡាករ កីឡាការិនី ដែល​មិន​ឆ្លងកាត់​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ មិនមាន​សិទ្ធិ​ចូល​ជា​ក្រុម​ជម្រើសជាតិ ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោម​ការដឹកនាំ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នោះទេ​។​

​លោក​បន្តថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​អោយ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ត្រូវតែ​សម្រេច​អោយបាន​ជោគជ័យ​។​ ​ដូច្នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​បានសម្រេច​ដាក់​កីឡា​ប៉េតង់​អោយ​ចូលរួម​ប្រកួត​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាត់ទុក​កីឡា​ប៉េតង់ គឺជា​ប្រភេទ​កីឡា​មួយ ក្នុងចំណោម ៣៨​ប្រភេទ​កីឡា ដែលមាន​សក្តានុពល អាច​ដណ្តើមបាន​មេដាយ​ជូន​ជាតិ​។ ​ដើម្បី​សម្រេច​គោលដៅ​អោយ​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ បណ្តា​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ដោយ​ត្រូវ​ដណ្តើម​មេដាយមាស អោយបាន ៥០​គ្រឿង​ឡើងទៅ គឺជា​រឿង​ពិបាក​ត្រូវ​ប្រឈមមុខ​ទម្លាក់​ប្រទេស​សិង្ហបូរី ដែលជា​ប្រទេស​ខ្លាំង​មួយ​ក្នុង​តំបន់​។​

​លោក​មាន​ជំនឿ​ចិត្ត​ថា កីឡា​ប៉េតង់ នឹង​ក្លាយជា​ចំណែក​មួយ ចូលរួម​ដណ្តើម​មេដាយ ជាមួយ​ប្រភេទ​កីឡា​សក្តានុពល​ផ្សេងទៀត សម្រាប់​កម្ពុជា នៅ​ស៊ី​ហ្គេម​៕​