​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: គិត​ត្រឹម​ព្រលប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ មាន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ទាយមានជ័យ​ចំនួន​៥.០០០​គ្រួសារ​ហើយ​បានទទួល​ស្បៀង សម្ភារ​:​និង​ថវិកា ដែល​ទាំងអស់នេះ​សុ​ធ​សឹង​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ក្នុង​សមាសភាព​ជនរងគ្រោះ​នោះ ក៏មាន​ពលរដ្ឋ​ក្នុង​សមាសភាព និង​ស្ថានភាព ជា​ជន​ជួប​ការលំបាក ឬ​ងាយ​រងគ្រោះ ចាស់ជរា ជន​ខ្វះខាត ក្រីក្រ​ផងដែរ ។ នេះ​បើតាម​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​១៧​ខែតុលា ឆ្នាំ​២០២២ ។​

​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​ប្រាប់អោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា​ដែរ​ថា ក្នុង​ពិធី​បែងចែក​ស្បៀង សម្ភារ​: និង​ថវិកា​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៥០​គ្រួសារ​នៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​ពលរដ្ឋ​រងគ្រោះ​ចំនួន ៩៣​គ្រួសារ មាន​ភូមិ​ចក ១១​គ្រួសារ ភូមិ​បី ២៦​គ្រួសារ ភូមិ​ព្រះ​ពន្លា ២៨​គ្រួសារ ភូមិ​ព្រៃ​ឬ​ស្សី ២៨​គ្រួសារ ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ផង​ទៀត ។​

​អំណោយ​រួមមាន​ស្បៀង (​ជា​អង្ករ ឃី​ត ទឹក​សុទ្ធ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង​អំបិល​ស្ករស ប្រេងឆា​) និង​សម្ភារ​: មាន​តង់ មុង សារុង ក្រមា សាប៊ូ កន្ទេល ប្រេងកូឡា ឱសថ​ជាដើម​។​

​សូម​រំលឹក​ដែរ​ថា កាលពី​រសៀល​ថ្ងៃទី​១៥ និង​១៦ ខែតុលា លោក​អភិបាលខេត្ត ក៏បាន​នាំយក​ស្បៀង សម្ភារ​: ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ១៣៩​គ្រួសារ លើ​៣​ទីតាំង នៃ​៣​ឃុំ ក្នុងស្រុក​អូរជ្រៅ រួមមាន​: ឃុំ​គុ​ត្ត​សត ចំនួន ២៩​គ្រួសារ​, ឃុំ​កូប ចំនួន ៤៤​គ្រួសារ និង​ឃុំ​សំរោង​ចំនួន ៦៦​គ្រួសារ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ទិន្នន័យ​ស្ថានភាព​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​គិត​ត្រឹម​ពេលនេះ គ្មាន​ភ្លៀង​ថ្មី ដោយ​ទឹក​ស្រក​ពី​ផ្នែក​ខាងលើ​ស្រុង​ចុះទៅ​លិច​កន្លែង​ថ្មី ចំនួន​៣៤៨​ភូមិ​, ៤៩​ឃុំ សង្កាត់ នៃ​ទាំង​០៩​ស្រុក​ក្រុង​។ ក្នុងនោះ​ប៉ះពាល់​លំនៅឋាន​/​ផ្ទះ ១៥.៥០៦​ខ្នង​ផ្ទះ ។ ពលរដ្ឋ​ជន្លៀស​ពី​ទឹកជំនន់​មាន​១.៤៣១​គ្រួសារ មនុស្ស​រាយ ៣.២៦៧​នាក់ (​ស្រី​១.៧៧៨​នាក់​, កុមារ​៦៥២​នាក់​) ។ សត្វពាហន​:២.៨៦៧​ក្បាល ,​ស្រូវ​៣៦.០៥៩​ហិច​តា ខូចខាត ៥.៦៤៦​ហិច​តា​៕​