​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក លោក វេ​ដាន់ ផា​ថែ​ល (Vedant Patel) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​ថា​សហរដ្ឋ​អាម៉េរិក​បាន​យល់ស្រប​​នឹង​ការវាយតម្លៃ​របស់​អង់គ្លេស​និង​បារាំង​ថា អ៊ីរ៉ង់​ផ្គត់ផ្គង់​ដ្រូ​ន​ដល់​រុស្ស៊ី​គឺ​បំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​រវាង​អ៊ីរ៉ង់​និង​​មហាអំណាច​ចំនួន​ប្រាំមួយ​។​

​លោក​ផា​ថែ​ល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​នៅ​ព្រឹក​ថ្ងៃនេះ សម្ពន្ធមិត្ត​បារាំង​និង​អង់គ្លេស​របស់​យើង​បាន​ផ្តល់​ការវាយតម្លៃ​ជា​សាធារណៈ​ថា ការផ្គត់ផ្គង់​របស់​អ៊ីរ៉ង់​នូវ​ដ្រូ​ន​ទាំងនេះ (​សម្រាប់​)​រុស្ស៊ី​គឺ​​ជា​ការរំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប លេខ ២៣៣១​។ នេះ​គឺជា​អ្វី​ដែល​យើង​យល់​ស្រប​ជាមួយ​គ្នា​”​។​

​អ៊ុយ​ក្រែន​បាន​រាយការណ៍​ពីការ​វាយប្រហា​ររបស់​រុស្ស៊ី​ដោយ​ប្រើ​ដ្រូ​ន Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ អ៊ីរ៉ង់​បាន​បដិសេធ​ការផ្គត់ផ្គង់​ដ្រូ​ន​ដល់​រុស្ស៊ី ខណៈ​វិមាន​ក្រឹម​ឡាំង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

​ក្រសួងការបរទេស​អាម៉េរិ​កបានវាយតម្លៃ​ថា ដ្រូ​ន​របស់​អ៊ីរ៉ង់​ត្រូវបាន​ប្រើប្រាស់​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ការវាយប្រហារ​នៅ​ម៉ោង​មមាញឹក​ពេលព្រឹក​លើ​រដ្ឋធានី​គៀវ​របស់​អ៊ុ​យក្រែន​។ អ្នកនាំពាក្យ​សេត​វិមាន នាង ការី​ន ហ្សង់​ព្យែរ (Karinne Jean-Pierre) ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុងតេ​រ៉ង់​អេ​ថា​និយាយ​កុហក​ផងដែរ នៅពេល​ដែល​ខ្លួន​និយាយ​ថា​ដ្រូ​ន​របស់​អ៊ីរ៉ង់​មិន​ត្រូវបាន​ប្រើ​ដោយ​រុស្ស៊ី​នៅ​អ៊ុយ​​ក្រែន​។​

​សេចក្តីសម្រេចចិត្ត​លេខ ២៣៣១ បាន​គាំទ្រ​កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​សហរដ្ឋ​អាម៉េរិក​ដែល​រឹត​ត្បិត​សកម្មភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​របស់​រដ្ឋាភិបាល​​ក្រុងតេ​ហេ​រ៉ង់ ដែល​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​សម្រាប់​អ៊ីរ៉ង់​ក្នុង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដកចេញ​នូវ​ទណ្ឌកម្ម​អន្តរជាតិ​។​

​នៅក្រោម​សេចក្តីសម្រេចចិត្ត​នេះ ការហ៊ុមព័ទ្ធ​អាវុធ​ធម្មតា​លើ​អ៊ីរ៉ង់​បាន​ប្រព្រឹត្តទៅ​រហូតដល់​ខែ​តុលា​ឆ្នាំ ២០២០​។ ​ទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាម៉េរិក​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​បាន​យក​សហរដ្ឋ​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ឆ្នាំ ២០១៨​ដើម្បី​ពង្រីក​​ការហាមឃាត់​អាវុធ​ក៏ដោយ ក៏​ក្រុមប្រឹក្សាសន្តិសុខ​នៅតែ​ច្រាន​ចោល​បញ្ហា​នេះ ជាហេតុ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ៊ីរ៉ង់​បន្ត​ការនាំចេញ​អាវុធ​ឡើងវិញ​។​

​ទោះយ៉ាងណា អ្នកការទូត​លោកខាងលិច​និយាយថា សេចក្តីសម្រេចចិត្ត​នេះ​នៅតែ​រួមបញ្ចូល​ការ​រឹតបន្តឹង​លើ​មី​ស៊ី​ល​និង​បច្ចេកវិជ្ជា​ពាក់ព័ន្ធ​ដែល​មាន​រយៈពេល​រហូត​ដល់​ខែ​តុលា ឆ្នាំ ២០២៣​ហើយ​ដែល​​រួមបញ្ចូល​ការនាំចេញ​និង​ការទិញ​ប្រព័ន្ធ​យោធា​ទំនើបៗ ដូចជា​ដ្រូ​ន​ជាដើម​។​

​លោក​ផា​ថែ​ល​បាន​និយាយថា “​វា​ជា​ជំនឿ​របស់​យើង​ដែលថា ដ្រូ​ន​ទាំងនេះ​ដែល​ត្រូវបាន​ផ្ទេរ​ពី​អ៊ីរ៉ង់​ទៅ​រុស្ស៊ី​និង​ប្រើប្រាស់​ដោយ​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែន​គឺ​ស្ថិត​ក្នុងចំណោម​អាវុធ​ដែល​នឹង​នៅតែ​ត្រូវបាន​​ហាមឃាត់​ក្រោម​សេចក្តីសម្រេចចិត្ត​លេខ ២៣៣១”៕

​ដ្រូ​ន Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​