​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អង្គការ​ណា​តូ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​បានចាប់ផ្តើម​សមយុទ្ធ​យោធា​ដោយ​អនុវត្ត​ប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​របស់​អឺរ៉ុប​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​​គំរាម​ប្រើ​មធ្យោបាយ​ណាមួយ​ដែល​ចាំបាច់​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី ក្នុងការ​ប្រឈម​នឹង​បរាជ័យ​បន្តបន្ទាប់​ក្នុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ B-52​របស់​អាម៉េរិក​និង​យន្តហោះ​ចម្បាំង​ប្រមាណ​៦០​គ្រឿង​ទៀត​កំពុង​ចូលរួម​ក្នុង​ការហោះ​ហ្វឹកហាត់​នៅ​លើ​ប្រទេស​បែ​ល​ហ្សិ​ច អង់គ្លេស​និង​សមុទ្រ​ខាងជើង​ជា​​ផ្នែក​នៃ​សមយុទ្ធ​នុយក្លេអ៊ែរ​ប្រចាំឆ្នាំ​របស់​អង្គការ​ណា​តូ ដែល​មានឈ្មោះ​ថា​Steadfast Noon​។​

​សមយុទ្ធ​នុយក្លេអ៊ែរ ដែល​មិន​ប្រើ​គ្រាប់បែក​មែនទែន ត្រូវបាន​រៀបចំ​ធ្វើឡើង​ក្រោយពី​លោក​ពូ​ទី​ន​បាន​និយាយ​ថា​ការប៉ះទង្គិច​ដោយផ្ទាល់​ណាមួយ​រវាង​ទាហាន​អង្គការ​ណា​តូ​និង​ទាហាន​រុស្ស៊ី នឹង​នាំ​ដល់​​មហន្តរាយ​ពិភពលោក​។​

​សមយុទ្ធ​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ចម្ងាយ​ប្រមាណ​១.០០០​គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី​ ​នៅពេល​បែ​ល​ហ្សិ​ចទ​ទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លំ​ហាត់​យោធា​ដែល​មាន​ការចូលរួម​ពី​កងកម្លាំង​ទៅ​ពី​ប្រទេស​១៤​និង​យន្តហោះ​ប្រ​​មាណ​៦០​គ្រឿង រួម​មាន​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​និង​យន្តហោះ​ទម្លាក់​គ្រាប់​ធុន​ធ្ងន់​B-52​ដែល​ហោះ​ចេញពី​មូលដ្នាន​នៅ​ណតដា​កូតា សហរដ្ឋ​អាម៉េរិក​។​

​ណា​តូ​កាលពី​ថ្ងៃ​ចន្ទ​បានចាប់ផ្តើម​សមយុទ្ធ​យោធា​ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊េរ​ចំ​ពេល​មាន​ភាព​តានតឹ​ង​ជាមួយ​រុស្ស៊ី

​សមាជិក​អង្គការ​ណា​តូ​១៤​ប្រទេសក្នុងចំណោម​៣០​ប្រទេស​ចូលរួម​ក្នុង​សមយុទ្ធ ដែល​នឹង​រួម​មាន​យន្តហោះ​ប្រមាណ​៦០​គ្រឿង​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ស៊ើបការណ៍​និង​ចាក់​សាំង​កណ្តាល​អា​​កាស​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ B-52​របស់​អាម៉េរិក​ហោះ​ចេញ​ពី​មូលដ្ឋាន​នៅ​ណត​ដា​កូតា

​តាមពិត​សមយុទ្ធ​ដែល​នឹង​ធ្វើ​រហូតដល់​ថ្ងៃ​៣០​តុលា ត្រូវបាន​គ្រោងទុក​តាំងពី​ពេលមុន​លោកពូ​ទីន​បញ្ជា​អោយ​ទាហាន​រុស្ស៊ី​ចូល​អ៊ុយ​ក្រែន​កាលពី​ខែ​កុម្ភៈ​មក​ម្ល៉េះ​។​ក្នុងពេល​ជាមួយគ្នា រុស្ស៊ី​ក៏​ត្រូវធ្វើ​សមយុទ្ធ​​ប្រចាំឆ្នាំ​ផ្ទាល់​របស់​ខ្លួន​ដោយ​អង្គការ​ណា​តូ​រំពឹងថា រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​នៅពេល​ណា​មួយ​ក្នុង​ខែ​នេះ​។​

​ទោះជា​គំរាម​បន្តបន្ទាប់ អង្គការ​ណា​តូ​បាន​និយាយថា ខ្លួន​មិន​បាន​មើលឃើញ​ការប្រែប្រួល​ស្ថានភាព​នុយក្លេអ៊ែរ​ឬក៏​ការ​ចល័ត​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី​ទេ តែ​«​យើង​នៅតែ​ប្រុងប្រយ័ត្ន​ខ្ពស់​»​នេះ​បើ​តាម​​លោក​ស្តូល​ថិ​ន​ប៊ឺក អគ្គលេខា​អង្គការ​ណា​តូ​។​

​សមយុទ្ធ​នេះ​ចាប់ផ្តើម​ឡើង​ចំពេល​រុស្ស៊ី​វាយប្រហារ​កណ្តាល​ទីក្រុង​គៀវ​របស់​អ៊ុយ​ក្រែន​ដោយ​ប្រើ​ដ្រូ​ន​អត្តឃាត​kamikaze​ឬ ដ្រូ​ន​Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ និង​បាញ់​ផ្លោង​ដាក់​ទីក្រុង​​នានា​នៅ​ជុំវិញ​ប្រទេស​។​វា​ជា​លើក​ទី​ពីរ​ក្នុងពេល​តែ​មួយ​សប្តាហ៍​ដែល​រុស្ស៊ី​បើក​ការវាយប្រហារ​ពី​អាកាស​នៅ​ទូ​ទាំង​អ៊ុយ​ក្រែន​ក្រោយ​ជួប​បរាជ័យ​នៅ​សមរភូមិ​មុខ​ជា​បន្តបន្ទាប់​។​

​ដ្រូ​ន​រុស្ស៊ី​ឆ្លង​ផុត​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​និង​វាយប្រហារ​អាគារនិង​ទីតាំង​ជាច្រើន​ក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​ចន្ទ​

​មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយថា ការវាយប្រហារ​ដោយ​ដ្រូ​ន​កាលពី​ថ្ងៃ​ចន្ទ​លើ​អាគារ​មនុស្ស​រស់​នៅក្នុង​ទីក្រុង​គៀវ​បាន​សម្លាប់​មនុស្ស​បួន​នាក់​។ទោះជាយ៉ាងណា​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​ធ្វើ​ការវាយប្រហារ​​លើ​គោលដៅ​យោធា​និង​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​នៅ​ទូ​ទាំង​អ៊ុ​យក្រែ​ន ដោយ​ប្រើ​សព្វាវុធ​ត្រង់ៗ​ចំ​គោលដៅ​បំផុត​៕