​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បណ្តាញ​សង្គម Parler បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​តុលា​នូវ​កិច្ចព្រមព្រៀង​មួយ​សម្រាប់កេន​យ៉េ វេស (Kanye West)​ដើម្បី​ទិញ​វេទិកា​ដែល​ពេញ​​និយម​ជាមួយ​ពួក​អភិរក្សនិយម​នៅ​សហរដ្ឋ​អាម៉េរិក ពោល​ទើបតែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​គណនី Twitter និង Instagram​របស់​តារា​រ៉ែ​ប​រូបនេះ​ត្រូវបាន​ដាក់​កំហិត​ជុំវិញ​ការ​បង្ហោះ​​សារ​ប្រឆាំងនឹង​ពួក​ជ្វី​ហ្វ​។​

​លោក​វេស ដែល​គេ​ស្គាល់​ថា យ៉េ ថ្មីៗ​នេះ​បាន​ឃ្លាតឆ្ងាយ​ពី​អ្នកគាំទ្រ​និង​ដៃគូ​អាជីវកម្ម​ផ្តាច់មុខ​របស់ខ្លួន​ដោយសារ​មតិ​ប្រឆាំង​នឹង​ពួក​ជ្វី​ហ្វ ចំណាប់​អារម្មណ៍​លើ​ទ្រឹស្តី​ឃុបឃិត​អំពី​ការ​ប្រកាន់ពូជសាសន៍ និង ការ​ពាក់អាវ​យឺត​គាំទ្រ​ជន​ស្បែក​ខ្មៅ​White Lives Matter ពោរពេញ​ដោយ​ការ​ញុះញង់​នៅ​សប្តាហ៍​ដើរ​ម៉ូត​នៅ​ទីក្រុង​ប៉ារីស​។​

​សិល្បករ​មហា​សេដ្ឋី​និង​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​រូបនេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​ដោយ Parler ថា “​នៅក្នុង​ពិភពលោក​មួយ​ដែល​គំនិត​អភិរក្សនិយម​ត្រូវបាន​ចាត់ទុក​​ថា​មាន​ភាពចម្រូងចម្រាស យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា យើង​មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​សេរី​”​។​

Parler បាន​និយាយថា លោក​វេស ដែល​មាន​គណនី​នៅលើ​បណ្តាញ​សង្គម​នេះ​នៅ​ថ្ងៃ​ចន្ទ កំពុង “​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំងនឹង​ការ​ពិនិត្យពិច័យ​ថ្មីៗ​មក​លើ​រូបគាត់​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​”​។​

​ការសម្រេចចិត្ត​របស់​វេស​ក្នុង​ការទិញ​វេទិកា​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​គាត់​បាន​កើត​ឡើង​ដោយសារតែ​គាត់​កំពុង​មាន​បញ្ហា​នៅលើ Twitter និង Instagram ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Meta សម្រាប់​ការ​បង្ហោះ​សារ​ប្រឆាំងនឹង​ជនជាតិជ្វី​ហ្វ ដែល​ជា​ការ​បំពាន​លើ​ច្បាប់​មាតិកា​របស់​បណ្តាញ​សង្គម​ទាំង​នេះ​។​

​ការ​រឹតត្បិត​សិទ្ធិ​របស់​បុរស​វ័យ ៤៥ ឆ្នាំ​រូប​នេះ​នៅលើ Twitter និង Instagram កាលពីដើម​ខែ​តុលា​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​សារ​បង្ហោះ​របស់​គាត់​បាន​ជំរុញ​ឱ្យ​មាន​ការដាក់ទណ្ឌកម្ម​ពី​វេទិ​​កា​បណ្តាញ​សង្គម​សំខាន់ៗ​។​

​កាលពីដើមឆ្នាំ​នេះ លោក​វេស​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បង្ហោះ​នៅលើ Instagram អស់​រយៈពេល ២៤ ម៉ោង បន្ទាប់ពី​បាន​បំពាន​លើ​គោលការណ៍​បៀតបៀន​របស់​បណ្តាញ​សង្គម​ចំពេល​មាន​ការលែង​​លះ​ដ៏​ឃោរឃៅ​របស់​គាត់​ពី​តារា​ទូរទស្សន៍ គីម កា​ដា​សៀន (Kim Kardashian)​។​

​អតីត​ប្រធានាធិបតី​អាម៉េរិក​ដូណាល់ ត្រាំ ដែល​ខ្លួន​គាត់​ផ្ទាល់​ត្រូវ​បាន​ហាមឃាត់​ជា​អចិន្ត្រៃយ៍​ពី Twitter​សម្រាប់​សារ​បង្ហោះ​ដែល​គេ​ចាត់ទុកថា​ជា​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា​បាន​និយាយ​ជាមួយ​​លោក​វេស​រួច​ហើយ​អំពី​ការទិញ Parler ហើយ​អ្នក​ទាំង​ពីរ​គ្រោង​នឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា នេះ​បើ​យោង​តាម​វេប​សាយព័ត៌មាន Politico​។​

Parler ដែល​ពណ៌នា​ខ្លួនឯង​ជា “​កម្លាំង​ឈានមុខ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ រដ្ឋាភិបាល​ធំៗ ការ​ពិនិត្យពិច័យ និង​វប្បធម៌​លុបបំបាត់ចោល​” បាន​ប្រកាស​កាលពី​ខែ​កញ្ញា​ថា ខ្លួន​កំពុង​រៀបចំ​រចនា​សម្ព​ន្ធ​ឡើង​វិញ​ដើម្បី​ផ្តោតលើ​អ្នកប្រើប្រាស់​ដែល​ប្រឈម​នឹង​ការបណ្តេញចេញ​ពី​អ៊ីនធឺណិត​៕

វេស​ប្រកាស​ទិញ​បណ្តាញ​សង្គម Parler កាលពី​ថ្ងៃ​ចន្ទ​