​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឹ​ឈាំ​ង បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​ចិន​កំពុង​រើប​រើ​កាន់តែ​ប្រសើរ​ឡើង​និង​លោក​បាន​អំពាវនាវ​អោយ​មន្ត្រី​អនុវត្ត​គោល​ន​យោ​​បាយ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​ដើម្បី​រក្សា​ការ​រើប​រើ​ឡើង​នេះ​អោយ​នៅតែ​បន្ត​។​

​លោក​លី បន្ទរ​តាម​ការសន្យា​ក្នុង​សុន្ទរកថា​ពីរ​ម៉ោង​របស់​ប្រធានាធិបតី​ស៊ី ជីន​ភីង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ជាមួយ​ប្រតិភូ​ក្នុងអំឡុង​ការពិភាក្សា​ក្នុង​ក្រុម​មួយ​នៅ​​សមាជ​បក្ស​កុំម្មុយនីស្ត នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​។​

​លោក​លី​បាន​និយាយថា ទីផ្សារ​គួរ​ដើរតួនាទី​ដាច់ខាត​មួយ​ក្នុង​ការលៃលក​ប្រភពធនធាន នៅ​ពេល​ប្រទេស​តាំងចិត្ត​បើកចំហ​សេដ្ឋកិច្ច ជំរុញ​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅក្នុង​ទីផ្សារ​និង​ធ្វើអោយ​ជីវ​​ភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ជា​ការសន្យា​ដែល​លោក​ស៊ី​បាន​ដាក់ចេញ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃអាទិត្យ​។​

​លោក​លី​ក៏​ទទូច​សុំ​អោយ​រក្សា​សេដ្ឋកិច្ច​ដំណើរការ​ទៅក្នុង​ល្បឿន​និង​ក្នុង​ទំហំ​«​សម​ហេតុផល​»​មួយ និង​បាន​រំលេច​អំពី​សារសំខាន់​នៃ​គុណភាព​របស់​វា​។​

​សម្តី​របស់​លោក​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ នៅពេល​អាជ្ញាធរ​ស្ថិតិ​ពន្យារ​ពេល​ចេញផ្សាយ​ទិន្នន័យ​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​នៅ​ត្រីមាស​ទី​បី​។​ទិន្នន័យ​ដែល​រួម​​មាន​សូចនាក​រណ៍​សេដ្ឋកិច្ច​ប្រចាំខែ​ធំៗ​ដទៃទៀត ពី​ដំបូង​គ្រោង​ចេញ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ពួក​អ្នក​សេដ្ឋកិច្ច​រំពឹងថា សេដ្ឋកិច្ច​ឬ​GDP​របស់​ចិន​នៅ​ត្រីមាស​ទី​បី​នឹង​កើន​បាន​៣,២​ភាគរយ​បន្ទាប់ពី​កើន​ក្បែរ​សូន្យ​ភាគរយ​នៅ​រយៈពេល​ពី​ខែ​មេសា​ដល់​មិថុនា​។​ទោះជា​កើន​បាន​ប៉ុណ្ណឹង​វា​នៅ​ទាប​សំរាប់​​ចិន ដោយសារតែ​ផល​ប៉ះពាល់​មក​ពី​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​១៩ និង​វិបត្តិ​អចលនទ្រព្យ​អូសបន្លាយ​ពេល​ដ៏​យូរ​មួយ​៕

នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឹ​ឈាំ​ង