ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ដើម្បីជំរុញការពង្រីកពង្រឹងទំនាក់ទំនងរវាងបក្សនិង រវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែខ្លាំងឡើង ការងារជាអាទិភាពគឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្តតាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហា សន្តិសុខ ការសម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្មនិងទប់ស្កាត់អំពើខុសច្បាប់ដូចជាការជួញដូររត់ពន្ធគ្រឿងញៀនរត់ពន្ធមនុស្សជាដើម។ ល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong)សមាជិកការិយាល័យនយោបាយនិងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនាព្រឹកថ្ងៃទី ១៨ ខែ តុលា ២០២២ នៅវិមាន៧មករា រាជធានីភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះ លោក វ៉ូ វ៉ាន់ធឿងបានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោនិងបានគោរពវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា ។លោក វ៉ូ វ៉ាន់ធឿង បានគោរពជម្រាបជូនសម្ដេច តេជោថា លោកនិងប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺស្របពេលជាមួយនឹងខួប ៥៥ ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជានិងវៀតណាមផងនិងខួប ៤៥ឆ្នាំនៃ ដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតផង ។

លោកបន្តថាទិសដៅសំខាន់របស់លោកនិងប្រតិភូទាំងមូលគឺធ្វើយ៉ាងណាជំរុញពង្រីកពង្រឹងទំនាក់ទំនងរវាងបក្សនិងរវាងប្រទេសទាំងពីរឲ្យ កាន់តែខ្លាំងឡើងក្នុងន័យនេះលោក បានគោរពសូមគោលការណ៍ពីសម្ដេចតេជោទីមួយ.ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឱ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង ។ ទី ២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ ដឹកនាំរបស់បក្សទាំងពីរ។ទី ៣. ជំរុញទំនាក់ទំនង រវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ។ទី ៤.ជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ។ទី ៥. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិងពាណិជ្ជកម្មនិងទី៦.ជំរុញកិច្ចសហប្រតិប   ត្តិការលើក្របខណ្ឌតំបន់និងពិភពលោក។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក វ៉ូ វ៉ាន់ធឿង ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចហើយ បានគាំទ្រចំពោះសំណើទាំង ៦ ចំណុចរបស់លោក វ៉ូ វ៉ាន់ធឿង ដែលបានលើកឡើង ។ សម្ដេចតេជោបានមានប្រសាសន៍ថាការងារជាអាទិភាពគឺជំរុញកិច្ចសហប្រតិបត្តិការរវាង ខេត្តនិងខេត្តតាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខ ការសម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្មនៅតាមព្រំដែននិងទប់ស្កាត់អំពើខុសច្បាប់ ដូចជាការជួញដូរមនុស្ស និង រត់ពន្ធគ្រឿងញៀនជាដើម។ ល។ ៕