ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន (POC) លោក Abraham Tolentino បាននិយាយថាៈ ប្រទេសហ្វីលីពីន នឹងបញ្ជូនអត្តពលិក ចំនួន ៨១៤ នាក់ មកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក Tolentino បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ លើកទី២ ជាមួយសហព័ន្ធកីឡាជាតិ (NSAs) របស់ SEAG-bound National Sports Association (NSAs) ក្នុងទីក្រុង Pasay ថាៈ នេះជាក្រុមប្រយុទ្ធ ហើយគោលដៅ គឺដើម្បីបញ្ជូនក្រុម ដែលល្អបំផុត តាមដែលអាចធ្វើទៅបាន។

កីឡាករ កីឡាការិនី ចំនួន ៨១៤​ នាក់ ដែលមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងចូលរួមគ្រប់ប្រភេទកីឡា ទាំង ៣៨ នៅកម្ពុជា។ កាលពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ ហ្វីលីពីន បានបញ្ចូនអត្តពលិក ៦៥៦ នាក់ ប្រកួតលើ ៣៨ ប្រភេទកីឡា ហើយបានឈរនៅចំណាត់ថ្នាក់លេខរៀងទី៤ ដោយទទួលបានមេដាយ សរុប ២២៦ គ្រឿង ក្នុងនោះ មេដាយមាស ៥២ គ្រឿង, មេដាយប្រាក់ ៧០ គ្រឿង និងមេដាយសំរឹទ្ធ ១០៤ គ្រឿង៕/V-PC