ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមការងារនិងក្រុមហ៊ុនសាងសង់ អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាជំនួយរបស់ប្រទេសវៀតណាម ធ្វើបទបង្ហាញពី វឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក។

សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម​ក្នុងទឹកប្រាក់ចំនួន ២៥ លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ ផ្លូវការ កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។

គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ។

បន្ទាប់ពីបទបង្ហាញ ដែលបានបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ កំពុងដំណើរការ យ៉ាងមមាញឹក ជាពិសេសការអនុវត្តការសាងសង់គ្រឹះក្រោម នៃសំណង់នោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទំាងអស់​បន្តអនុវត្តឱ្យបាន ត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើអង្គភាពគ្រប់គ្រងគម្រោង បន្តសម្របសម្រួល ជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការសាងសង់បានរលូន ជាពិសេសអង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុន សាងសង់វៀតណាម ធី ស៊ី វី ត្រូវសហការគ្នាឱ្យបានល្អ អនុវត្តការសាងសង់ឱ្យបាន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដូចមានកំណត់ក្នុងកិច្ចសន្យា បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។ តាមគម្រោង អគាររដ្ឋបាលថ្មីនេះ នឹងបញ្ចប់ការសាង សង់ នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ដល់រដ្ឋសភាកម្ពុជា៕ V / N