ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី ១៩ ដល់ ២៥ ខែ តុលាថាៈ នៅអំឡុងពីថ្ងៃទី១៩ ដល់ ២១ ខែតុលា នេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT ) ដែលបានកើតមានឡើង នៅភាគខាងជើង ប្រទេសហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរចូលដល់ ប៉ែកខាងក្រោម នៃភាគខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី២១ ខែតុលា និងចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែតុលា ភាគខាងត្បូង នៃប្រទេសកម្ពុជា ទទួលឥទ្ធិពល ជ្រលងសម្ពាធទាប ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ។

នៅក្នុងសេចក្តិជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ ។
នៅអំឡុងពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា អាចមានតិចតួច តែបន្ទាប់ពីនោះបណ្តា រាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើង ជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ​ ៣១ អង្សាសេ ។ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែតុលា អាចមានភ្លៀង ធ្លាក់តិចតួច តែបន្ទាប់ពីនោះ នឹងអាចមានភ្លៀង ក្នុងកំរិតពីតិចទៅមធ្យម លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំពោះតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកំរិតពី តិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ V / N