ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍វាយកូនបាល់ Davis Cup ដែលកំពុងតែប្រព្រឹត្តទៅនៅប្រទេសបារ៉ែននោះ កម្ពុជា បានចិញ្ចឹមចិត្ត ដើម្បីឡើងពីក្រុម ៤ មកលេងនៅក្រុម៣ នាឆ្នាំក្រោយ ឲ្យទាល់តែបាន ។

ជាមួយនឹងការចិញ្ចឹមចិត្តបែបនេះ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានយកឈ្នះ ក្រុមប៊ូតាន ដោយលទ្ធផល ៣សិតទល់០ ក្នុងការប្រកួតបើកឆាក ព្រឹត្តិការណ៍វាយកូនបាល់ ប្រចាំតំបន់អាស៊ី / អូសេអាស៊ី Davis Cup ក្រុម៤ ឆ្នាំ២០២២ នៅប្រទេសបារ៉ែន មុនបន្ដជួបក្រុមម៉ុងហ្គោលី នាល្ងាចថ្ងៃទី១៨ ខែតុលានេះ។

ការប្រកួតបើកឆាកពូល A នេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ តុលា ម្សិលមិញ ដោយក្រុមកីឡាករកម្ពុជា បានយកឈ្នះគូប្រជែងជម្រើសជាតិប៊ូតាន ទាំង ៣ វិញ្ញាសាតែម្តង ដោយក្នុងនោះវិញ្ញាសាឯកត្ដជន កីឡាករខ្មែរ-អាមេរិក Matthew David Krusling បានយកឈ្នះកីឡាករ Tenzin Singye Do ដោយលទ្ធផល ៧-៦ និង ៦-៣។
ចំពោះកីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Tenzin Wangchuk ដោយលទ្ធផល ៦-០ និង ៦-០។ រីឯវិញ្ញាសាវាយគូវិញ កីឡាករ ឡុង សំនៀង និង ទេព ធីម៉ូធី បានយកឈ្នះកីឡាករ Nidup Gyeltshen និង Pema Norbu របស់ប៊ូតាន ដោយលទ្ធផល ៦-០ និង ២-០។

ព្រឹត្តិការណ៍នេះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមតួកមេនីស្ថាន ម៉ុងហ្គោលី និង ប៊ូតាន។ រីឯពូល B គឺមានក្រុមខ្លាំងគុយវ៉ែត សិង្ហបុរី ឡាវ កោះហ្គាំ និងក្រុមម្ចាស់ផ្ទះបារ៉ែន ដែលការប្រកួតត្រូវធ្វើឡើង ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២២ ខែតុលា ចុងសប្ដាហ៍នេះ។

បន្ទាប់ពីជួបម៉ុងហ្គោលី នៅល្ងាចថ្ងៃអង្គារនេះ កម្ពុជា នឹងបន្ដជួបក្រុមតួកមេនីស្ថាន នាថ្ងៃទី២០ ខែតុលា ខាងមុខ។ ការប្រកួតនេះ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុ ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវប្រកួតខ្វែងពូល ដើម្បីស្វែងរកបេក្ខភាព វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជាវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានកៅអី ក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2023 ៕/V-PC