ដោយៈ មុនីរ័ត្ន​ / ភ្នំពេញៈ​ តបតាមការអញ្ជើញរបស់ ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណា​ចក្រកម្ពុជា ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូសអរតា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណា​​ចក្រកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគី ដ៏មានសារសំខាន់ ចំនួនពីរ រួមមាន កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កា នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួលការចូលជួបសម្តែងការគួរសមរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញធ្វើបាឋកថាសាធារណៈ នៅសាកលវិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរកថា នៅក្នុងវេទិកាកម្ពុជា – ទីម័រខាងកើត លើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាព ប្រកបដោយចីរភាព ផងដែរ។​

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕ V / N