ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការ ស្នងការ មន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែក ភារកិច្ចទទួលខុសត្រូវ ក្នុងពិធីសំណេះសំណាល និងផ្តល់ពូជស្រូវ ជូនប្រជាកសិករ ក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២២ ដ៏ខ្លីខាងមុខនេះ។

យោងលោក អ៊ុំ រាត្រី បានបង្ហើបឱ្យដឹងថាៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កសិករ និងផ្តល់ពូជស្រូវ ស្តារឡើងវិញ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខូចខាតផលកសិកម្ម ប្រមាណ ៥.២២០ គ្រួសារ លើ ៣ ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក គឺក្នុងមួយគ្រួសារៗ នឹងបានស្រូវពូជ ប្រភេទស្រាល មិនប្រកាន់រដូវចំនួន ១០០ គ.ក្រ ។ ពោលគឺ ទទួលបានតែ ១០០ គ.ក្រ ដូចៗគ្នា ទោះបីពលរដ្ឋគ្រួសារនីមួយៗ បានរងការខូចខាតស្រូវ ច្រើនលើសពី ១ ហិកតា ឬ ៤-១០ ហិកតា ក៏ដោយ ។

សូមរំលឹកថា ទិន្នន័យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គិតត្រឹមពេលនេះ គ្មានភ្លៀងថ្មីទេ ។ ដោយទឹកស្រក ពីផ្នែកខាងលើស្ទើរអស់ ហើយស្រុងចុះទៅលិចកន្លែងថ្មី កន្លងមក លើចំនួន​ ៣៤៨ ភូមិ, ៤៩ឃុំ សង្កាត់ នៃទាំង ៩ ស្រុក ក្រុង ។ ក្នុងនោះ ប៉ះពាល់លំនៅឋាន ១៥.៥០៦ ខ្នងផ្ទះ ។ ពលរដ្ឋជម្លៀសពីទឹកជំនន់ មាន ១.៤៣១ គ្រួសារ មនុស្សរាយ ៣.២៦៧ នាក់ /ស្រី១.៧៧៨នាក់/កុមារ ៦៥២នាក់ ។
សត្វពាហនៈ ២.៨៦៧ ក្បាល , ស្រូវ ៣៦.០៥៩ ហិកតា ខូចខាត ៥.៦៤៦ ហិកតា៕ V / N