ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អង្គភាពកងកម្លាំងប្រដាប់អាវុធនានា ដូចជា កងរាជអាវុធហត្ថ និងកងឯកភាពផ្សេងទៀត ក៏ដូចជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើញត្តិថ្កោលទោស ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រកាសនៅញត្តិរបស់ខ្លួន ចុះថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២២ ថាៈ ” សូមថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ តាមរយៈវីដេអូឃ្លីប នាពេលថ្មីៗ នេះ ដែលបានញុះញង់ឱ្យកងកម្លាំង ប្រដាប់អាវុធ ធ្វើការបះបោរ និងបានប្រមាថ ដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្តី ដែលជាស្ថាបនិក សន្តិភាព និងជាទីគោរពស្រឡាញ់របស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប “​។

ក្នុងញត្តិនោះ មានខ្លឹមសារបន្តថាៈ ” ការចិញ្ចឹមចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ២០២៣ បានស្ដែងឱ្យឃើញនូវចេតនាបំផុសបំផុល ចង់ធ្វើបដិវត្តន៍ពណ៌ បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ឆតាបំផ្លិចបំផ្លាញសន្តិភាព ដែលរកបាន ដោយលំបាក ” ។

ជាមួយគ្នានេះដែរ ញាត្តិមានខ្លឹមសារ ដូចនិងស្រដៀងគ្នាថាៈ ” យើងខ្ញុំបានត្រៀមខ្លួន រួចជាស្រេច ដើម្បីអនុវត្តដីកាបញ្ជា ឬសហការឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ ជំនាន់ និងបក្ខពួក នៅគ្រប់ពេលវេលា ដែលក្រុមនេះ មានវត្តមាន នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតុលាការ វិនិច្ឆ័យទោស តាមច្បាប់ជាធរមាន “។

ញត្តិនោះ បានបន្តថាៈ ” យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាការពារដាច់ខាត នូវរដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ពិសេសការពារឱ្យខាងតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាដ៏ដោយ ។ ព្រមទាំងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តវេន នាពេលអនាគត”៕/V-PC