ដោយៈ សុផល / ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី ១០-១៦ ខែតុលា ២០២២ ឡើងដល់ចំនួន ៩៣៨.៩២៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៩១៤.៥៤៣ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៤.៣៨៥ នាក់។ នេះបើយោងតាមហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា នេះ។

ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តកំពង់ចាម ៤០១.៩២៩នាក់, ខេត្តព្រះសីហនុ ១៣៩.៥៩១ នាក់, បាត់ដំបង ១៣៥.៨៩៩ នាក់
, ព្រៃវែង ៦៨.៥២៥ នាក់, ពោធិ៍សាត់ ៥៩.៨៤៥ នាក់, សៀមរាប ២៧.៨២២ នាក់, ខេត្តកំពត ២៣.២៤៦ នាក់។

តួលេខខាងលើ មានការកើនឡើងប្រមាណ ១៥០,៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និង ពោធិ៍សាត់ បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុ បន្តទទួលបានភ្ញៀវទេសចរ មកកម្សាន្តជាច្រើន ក្នុងរយៈពេល ពីរសប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការ សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី ១-៣១ ខែតុលា ឆ្នាំ២០២២។ បណ្តាខេត្តផ្សេងទៀត ដែលនៅជាប់បណ្តោយដងទន្លេ បានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែង ក្នុងមូលដ្ឋានរបស់ខ្លួន៕/V-PC