​ដោយៈ គង់​ហេង / កំពង់ចាម​៖ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​នាំយក ស្រូវពូជ ចំនួន ១០៧.៦០០ គីឡូក្រាម ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ ចំនួន ១.៤៤៥ គ្រួសារ នៅ​ស្រុក​ស្ទឹងត្រង់ កាលពី​រសៀល​ថ្ងៃទី ១៧ តុលា ម្សិលមិញ ។​

​នៅក្នុង​វត្តមាន​អមដំណើរ លោក​ទេសរដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​តំណាងរាស្ត្រ​ជាច្រើនរូប លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម និង​សហការី បាន​ចែក​ស្រូវពូជ​ផ្ទាល់​ដល់ដៃ​ប្រជាពលរដ្ឋ​ទាំង ប្រាំមួយ​ឃុំ ក្នុង​បរិវេណ​វត្ត​ទួល​រកា ក្នុងស្រុក​ស្ទឹងត្រង់​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ ស្រូវពូជ​ទាំងនេះ គឺ​រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់ជូន​គ្រួសារ​កសិករ ដែលមាន​ដំណាំ​ស្រូវ​ខូចខាត ដោយ​ទឹកជំនន់ ទន្លេមេគង្គ នាពេល​កន្លងមក គឺ​ដើម្បី​ស្តារ​សាបព្រោះ​ឡើងវិញ ឱ្យទាន់​រដូវ​ទឹកទន្លេ កំពុង​ស្រក​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​បន្តថាៈ ក្នុងនាម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ទន្លេ​មួយ​នេះ ទាំង ១.៤៤៥ គ្រួសារ ក្នុង​ឃុំ​ទាំង ប្រាំមួយ ស្រុក​ស្ទឹងត្រង់ សូម​គោរព​ថ្លែង អំណរគុណ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ស្រូវពូជ ជាង ១០០ តោន បាន​ទាន់ពេលវេលា ដើម្បី​ដាំ​ដុះ​សាបព្រោះ​ឡើងវិញ​។​

​សូមបញ្ជាក់ថា ទឹកជំនន់​ទន្លេមេគង្គ ដែល​បាន​ហក់​ឡើង​កម្ពស់​ជាង ១៣ ម៉ែត្រ នៅ​ស្ថានីយ៍ឧតុនិយម ខេត្តកំពង់ចាម នៅក្រោយ​ពិធីបុណ្យ​ភ្ជុំ កាលពី​ខែកញ្ញា ឆ្នាំ​២០២២ រួច​នោះ បាន​បណ្តាលឱ្យ​ជន់​លិច ដំណាំ​ស្រូវប្រាំង អស់​រាប់រយ​ហិកតា ក្នុងស្រុក​ស្ទឹ​ត្រង់ ប៉ះពាល់​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ជាង ១.០០០ គ្រួសារ ក្នុង​ឃុំ​ព្រែកបាក់​, ឃុំ​ខ្ពប​តា​ងួន​, ឃុំ​ពាម​កោះ​ស្នា​,​ឃុំ​ព្រែកបាក់​,​ឃុំ​ព្រះ​អណ្តូង និង​ឃុំ​អារក្ស​ត្នោត​៕/V​