ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដើម្បីបង្ការការពារផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ដែលជម្លៀសពីទឹកជំនន់ ហើយបាននឹងកំពុងបន្តរស់នៅ លើទីទួលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ អង្គការយូនីសេហ្វ (UNICEF) បានបញ្ជូននូវអំណោយសម្ភារៈ ទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ ទាំងនោះ​ ដែលមកពី ៣ ភូមិ ក្នុងសង្កាត់ព្រះពន្លា នៃក្រុងសេរីសោភ័ណ សរុបចំនួន ២១២ គ្រួសារ និង ១៧៥ គ្រួសារទៀត ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរីដែល ។

ពលរដ្ឋក្នុង ១គ្រួសារៗ ទទួលបាននូវ ធុងចម្រោះសេរ៉ាម៉ិចមួយ ធុងលាងសម្អាតដៃមួយ សំឡីអនាម័យចំនួនបីដុំ សាប៊ូដុំចំនួន១០ដុំ ធុងមួយ និងថ្នាំក្លូរសម្លាប់មេរោគ ចំនួន ១០ កញ្ចប់។

លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានសម្តែងនូវអំណរគុណ ចំពោះអង្គការយូនីសេហ្វ តែងតែផ្តល់នូវសម្ភារៈប្រើប្រាស់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាក់ស្ដែង ពិសេសពលរដ្ឋរងគ្រោះដោយទឹកជំនន់។

លោកបានបន្តថាៈ នៅពេលនេះ អំណោយអង្គការ UNICEF តាមរយៈក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ បានផ្តល់សម្ភារៈប្រើប្រាស់ ពាក់ព័ន្ធនឹងសុខភាពនេះ គឺជាការ ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីជួយសម្រាល ទុក្ខលំបាក ខាងជីវភាព សុខភាព ការរស់នៅជូនដល់ បងប្អូនប្រជាពលរដ្ឋ ។

ក្នុងនាមអាជ្ញាធរ ជំនាញ និងអង្គការនេះ លោកសូមអំពាវនាវ ដល់បងប្អូនឪពុកម្តាយ អាណាព្យាបាលកុមារ សូមប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗ បង្ការលិចលង់ទឹក អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាដើម៕ V / N