ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនៃ ” ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ ” នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលនឹងរៀបចំ នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំនិយោជកធំៗ គ្រប់វិស័យ ប្រមាណ ១៥០ ហើយដែលនឹងបើកឱកាសការងារថ្មីៗថែមទៀត ចំនួនជាង ២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជន គ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។

គួរបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំធ្វើសនិ្នសីទសារព័ត៌មាន អំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងធនាគារកាណាឌីយ៉ា ព្រមទាំង តំណាងក្រសួង ស្ថាប័ន ក្រុមហ៊ុន សិស្ស/និស្សិត ចំនួន ប្រមាណ ៤០០ នាក់។

ថ្លែងក្នុងពិធីនេះ លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានទីភ្នាក់ងារ ជាតិមុខរបរ និងការងារ នៃក្រសួងការងារ បានឱ្យដឹងថាៈ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីវិស័យនាំមុខគេជាច្រើន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល ។

លោកបានបញ្ជាក់បន្ថែមថាៈ ក្នុងព្រឹត្តិការណ៍នេះ​ ក៏ត្រូវបានគេ រំពឹងថា នឹងមានអ្នកស្វែង រកការងារដែលមានសក្ដានុពល ចូលរួមដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់ នៅនឹងកន្លែងពិព័រណ៍តែម្តង ចំនួនប្រមាណ ៣ ម៉ឺននាក់ ផងដែរ។ បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានរៀបចំសិក្ខាសាលា លើកកម្ពស់ផលិតភាព ក្រោមប្រធានបទស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។

លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំ ដែលត្រូវបានរៀបចំឡើង ក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារ ជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួនចូលទីផ្សារការងារ ឱ្យកាន់តែទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេស ព្រឹត្តិការណ៍ ឆ្នាំ២០២២ នេះ ត្រូវបានរៀបចំឡើង ដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។

ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានឱ្យដឹងថាៈ វិស័យឧស្សាហកម្ម នៅកម្ពុជា បានទួលការរីកចម្រើន យ៉ាងខ្លាំងក្លា ហើយវិស័យមួយនេះ ក៏មានចំណែកស្រូបទាញកម្លាំងយុវជន យ៉ាងច្រើន នៅកម្ពុជា។ នៅកម្ពុជា អត្រាអ្នកអត់ការងារធ្វើទាប ទាំងនេះ ដោយសារកម្ពុជា មានទីផ្សារការងារល្អ ហេតុនេះ មានវិស័យជាច្រើន កំពុងរង់ដល់យុវជន។

លោកបានចាត់ទុកថាៈ មុខជំនាញវិជ្ជាជីវៈ គឺជាវិស័យមួយដ៏ល្អ សម្រាប់យុវជន ដែលត្រូវសិក្សាស្វែងយល់ និងរៀនសូត្រ ដើម្បីបង្កើតមុខរបរ សម្រាប់ចិញ្ចឹមជីវិត​ទៅថ្ងៃខាងមុខ។

ដោយឡែក លោក សុំ មនោរម្យ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងដោយជំរុញឱ្យយុវជន សិក្សាស្វែងយល់ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ ដោយសារថ្ងៃនេះ គឺជាការជួបជុំ ដោយក្រុមហ៊ុន និងអ្នកជំនាញ ដែលសិស្ស​និស្សិត អាចសិក្សាស្វែងយល់ ហើយអាចមានឱកាសការងារ នៅនឹងកន្លែងផ្ទាល់។

លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ សហភាពសហព័ន្ធយុវជនកម្ពុជា បច្ចុប្បន្ន បានចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការអប់រំ និងបណ្តុះបណ្តាលយុវជន ឱ្យក្លាយជា មនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព និងគុណភាព សម្រាប់បម្រើប្រទេសជាតិ។

លោកស្រី កង បូរ៉ា នាយិការង​គ្រប់គ្រងបណ្តាញសាខាធនាគារកាណាឌីយ៉ា សង្ឃឹមជឿ ជាក់ថាៈ តាមរយៈពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នឹងជួយឱ្យយុវជន ដែលជួបបញ្ហាលំបាកការងារ ពួកគាត់ អាចមកកាន់ព្រឹត្តិការណ៍នេះ ហើយអាចស្វែងរក ការងារ តាមជំនាញរបស់ខ្លួន។ យុវជន ត្រូវចេះត្រៀមខ្លួន ជាមួយប្រវត្តិរូប និងត្រៀមខ្លួន សម្រាប់ជ្រើសរើសការងារ ទីកន្លែងប្រមូលផ្តុំការងារ រយៈពេល ២ ថ្ងៃនេះបាន។

គួរបញ្ជាក់ថា ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីរំពឹងមុតមាំថាៈ ពិព័រណ៍ ការងារ និងផលិតភាពជាតិនេះ អាចចូលរួមចំណែកដោះស្រាយ ភាពគ្មានការងារធ្វើ និង ការជ្រើសរើសកម្លាំងពលកម្ម តាមតម្រូវការ តាមរយៈវិធានការ​ដូចជា៖
-ប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្ម ជាសាធារណៈ យ៉ាងទូលំទូលាយ​សំដៅបំពេញកង្វះខាត នៃការបញ្ជ្រាបឱកាសការងារល្អៗ និងព័ត៌មាន ទីផ្សារការងារ ដល់កម្លាំងពលកម្ម ដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ ដែលនិយោជក ត្រូវការជ្រើសរើស ។

-រៀបចំឲ្យអ្នកស្វែងរកការងារ ជួបផ្ទាល់ជាមួយនិយោជក ដើម្បីផ្តល់ឱកាសដល់យុវជន បានដាក់ពាក្យ, បង្កើនជម្រើសការងារដែលចង់បំពេញ, ស្វែងយល់ពីអនាគតនិយោជក, ព្រមទាំងត្រៀមខ្លួនចូលការងារ បានកាន់តែល្អប្រសើរ និងប្រកួតប្រជែង ទាន់ពេលវេលា ដោយអាចដាក់ពាក្យភ្លាម សម្ភាសការងារភ្លាមៗ ។

-ផ្ដល់ការប្រឹក្សាយោបល់អាជីព ការងារ និងជំនាញ ដែលទីផ្សារកំពុងត្រូវការ ដោយជួបផ្ទាល់ រវាងនិយោជក គ្រឹះស្ថានសិក្សា និងកម្លាំងពលកម្មគ្រប់ប្រភេទ នៅនឹងកន្លែងពិព័រណ៍តែម្ដង។

-បង្កើនការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងបណ្តុះផ្នត់គំនិត អំពីការបង្កើនផលិតភាព ដល់និយោជក និងកម្មករ និយោជិត តាមរយៈសិក្ខាសាលា ស្តីពី « ការលើកកម្ពស់ កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រងការងារ និងខ្សែច្រវ៉ាក់ផលិតកម្ម ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ។

-បង្កើនទំនាក់ទំនង និងភាពជាដៃគូ ក្នុងចំណោមនិយោជក និងស្ថាប័នពាក់ព័ន្ធ សំដៅលើកកម្ពស់ ដំណើរការទីផ្សារការងារ និងសកម្មភាពធុរកិច្ច ឱ្យមានតុល្យភាព និងនិរន្តរភាព កាន់តែប្រសើរ៕ V / N