ដោយៈសុផល / ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២២ រថយន្តចំនួន ២.៥៧៩.២៦០ គ្រឿង បានត្រូវត្រួតពិនិត្យ ក្នុងនោះ រថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងកម្រិតអនុគ្រោះ មានចំនួន ៨៤៤ ៥៧៨គ្រឿង ស្មើនឹង ៣២.៧៤% នៃរថយន្តសរុប និងរថយន្តផ្ទុកលើស ទម្ងន់ ត្រូវបានពិន័យ មានចំនួន ២.៤៧០ គ្រឿង។ នេះបើយោងតាមគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
អង្គប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែតុលា ក៏បានលើកឡើង ពីការងារអនុវត្តបាន ក្នុងរយៈពេល បីត្រីមាសនេះ ដូចជា ចុះផ្សព្វផ្សាយ អំពីបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេស ចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ឱ្យចូលរួម គោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើស ទម្ងន់ ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សា សោភ័ណភាពទីក្រុង។
បន្ថែមពីនេះ គណៈកម្មាធិការ បានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិច ចំនួន ៤ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះ នៅគ្រប់ស្ថានីយ ដើម្បីត្រួត ពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារ ឱ្យបានគ្រប់ជ្រុង ជ្រោយ។
ក្នុងទិសដៅការងារបន្ទាប់ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយាយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងបន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្ត នៃការដឹកជញ្ជូនលើសទម្ងន់ ជាពិសេសច្បាប់ផ្លូវថ្នល់ មាត្រា៦០ ដល់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ បញ្ហាដឹកលើសទម្ងន់។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ នឹងពង្រឹងការគ្រប់គ្រង និងការអនុវត្ត ការងារ ដូចជា ការសាងសងស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ និងការតភ្ជាប់ បណ្តាញបច្ចេកវិទ្យា ពីគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ មកទីស្តីការក្រសួង៕/V-PC