ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៨ តុលា នេះ ប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរ ជួយ ដោះស្រាយសំណើ សំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយភាព បិទការ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូ ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការស្នើសុំដោះស្រាយ បញ្ហាកកស្ទះសំរាម មិនត្រូវបានលើកឡើង ក្នុងវេទិកានេះទេ។

វេទិកានេះ ធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានី។

វេទិកានេះ ប្រជាពលរដ្ឋ លើកឡើងពីហាងប៊ៀហ្គាឌិន ដែលបានរំខាន ដោយសំលេងឮ​ខ្លាំងៗ ដេកពួនមិនបាន។ ប្រជាពលរដ្ឋ នៅសង្កាត់អូឡាំពិក ស្នើឱ្យរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឱ្យស្ទះ ផ្លូវ១៦៣ ១៧៣ និងធ្វើស្លាកសញ្ញាចរាចរណ៍ ។ ការសូមធ្វើលូនៅផ្លូវ២៧៦ នៅសង្កាត់អូឡាំពិក ។ សូមដោះស្រាយបង្គោលភ្លើង ធ្លាក់រញ៉េរញ៉ៃ បង្កហានិភ័យ ដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរ សូមបើកផ្លូវ ៣៨៦ ជាដើម។

អ្នកគ្រូមត្តេយ្យបឹងកេងកង សូមដាក់គំនូសអង្កាញ់ កាត់បន្ថយល្បឿន នៅផ្លូវលេខ៣៣៤ មុខសាលា។ សូមបើកទ្វាររបងវត្តមហាមន្ត្រី ដើម្បីអោយសិស្សចេញចូលបានស្រួល ។ ប្រជាពលរដ្ឋស្នើឱ្យបិទអាជីកម្មហ្គាសមួយកន្លែង ដែលបាននិងកំពុងបង្កហានិភ័យ ដល់ពួកគាត់។

ឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្នុងវេទិការសាធារណៈនោះ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានណែនាំអោយអាជ្ញាធរខណ្ឌ សង្កាត់ រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់ ឱ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយលោកបានណែនាំ ឱ្យអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់ នៅតាមសាលារៀន កុំធ្វេសប្រហែស បណ្តាលឱ្យមានហេតុការណ៍អាក្រក់កើតឡើង ចំពោះក្មួយៗ សិស្សានុសិស្ស ដូចករណីលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឱ្យមានសោកនាដកម្ម បែបនេះកើតឡើង ផ្តើមចេញពីការធ្វេសប្រហែស របស់អាជ្ញាធរយើងនោះទេ។

លោក ឃួង ស្រេង បានបន្តថាៈ យើងពិតជាបានឃើញពីសកម្មភាពល្អរបស់ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗ ឆ្លងផ្លូវថែមទៀត។ លោកសូមឱ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អថែមទៀត។

លោកបានបន្តទៀតថាៈ បច្ចុប្បន្ន ប្រជាពលរដ្ឋ រស់នៅបែបស៊ីវិល័យហើយ ដូច្នេះសម្រាប់ ការបំរើប្រជាពលរដ្ឋ ត្រូវតែស៊ីវិល័យ ដូចគ្នាដែរ ពោលគឺ ត្រូវជំរុញអភិបាលកិច្ច ឱ្យបានល្អ មិនអាចអន់ថយនោះទេ។

លោក ឃួង ស្រេង បានបញ្ជាក់ថាៈ ការសុំបិទប៊ៀហ្គាដិន ការ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវសហការជាមួយប៉ុស្តិ៍ ចុះអនុវត្តការងារនេះ ជូនប្រជាពលរដ្ឋ មានន័យថា អ្វីដែលជាភាពចាំបាច់របស់ប្រជាពលរដ្ឋ ត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទ ការ៉ាសបញ្ចូលហ្គាស និងប៊ៀហ្គាដិនក៏ដោយ ។

លោកក៏បានដាក់ផែនការ ដល់អាជ្ញាធរ និងកងកម្លាំងរបស់ខណ្ឌ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេស កិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក ។ ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណា អោយមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែងស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ជាមួយគ្នានោះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមាន ប្រសាសន៍ថាៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ បានដឹងឮ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះ ត្រូវបានខកខាន ដោយការរាតត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ ប្រជាពលរដ្ឋជានិច្ច៕/V-PC