​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បានចោ​ទរុ​ស្ស៊ី​ថា​បាន​ប្រើ​ដ្រូ​ន “​អត្តឃាដ​” (Kamikaze) ប្រឆាំង​នឹង​គោលដៅ​ជន​ស៊ីវិល​ក្នុង​ទីក្រុង​គៀវ​។​

​ដ្រូ​ន​ទាំងនេះ​ផ្ទុក​គ្រឿង​ផ្ទុះ ដែល​បំផ្ទុះ​គ្រាប់​ពេល​បុក​ទង្គិច​នឹង​គោលដៅ ដោយ​បំផ្លាញ​ទាំងដ្រូ​ន​ខ្លួនឯង​ផង​ដែរ​នៅក្នុ​ង​ដំណើរការ​នេះ​។​

– តើ​ដ្រូ​ន “​អត្តឃាដ​” របស់​រុស្ស៊ី​ជា​ប្រភេទ​អ្វី​?

​គេ​ជឿ​ថា​រុស្ស៊ី​បាន​ប្រើប្រាស់​ដ្រូ​ន Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​នៅក្នុង​ជម្លោះ​អ៊ុយ​ក្រែន​ចាប់តាំងពី​ពាក់កណ្តាល​ខែ​កញ្ញា​។​

​ត្រូវ​បាន​ហៅ​ផងដែរ​ថា Geranium-2 ដោយ​រុស្ស៊ី វា​មាន​ជាតិ​ផ្ទុះ​នៅក្នុង​ក្បាល​គ្រាប់​នៅលើ​ច្រមុះ​របស់​វា​ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ហោះ​សំកាំង​ពីលើ​គោលដៅ​រហូត​ដល់​វា​ត្រូវ​បាន​ណែនាំ​​ឱ្យ​វាយប្រហារ​។​

​ដ្រូ​ន Shahed-136 មាន​ស្លាប​ប្រហែល ២,៥ ម៉ែត្រ ហើយ​ពិបាក​នឹង​ចាប់​នៅលើ​រ៉ា​ដា​ណាស់​។​

​គេ​មិន​ច្បាស់​ថា​រុស្ស៊ី​មាន​ដ្រូ​ន​នេះ​ចំនួន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​អាម៉េរិក​និយាយថា អ៊ីរ៉ង់​គ្រោង​នឹង​បញ្ជូន​ដ្រូ​ន​រាប់រយ​ទៅ​រុស្ស៊ី​។ អ៊ីរ៉ង់​បាន​បដិសេធ​មិនបាន​ធ្វើ​ដូច្នេះ​ទេ​។​

– តើ​ដ្រូ​ន​អត្តឃាដ​បង្ក​ការខូចខាត​អ្វីខ្លះ​នៅ​អ៊ុ​យក្រែន​?

​រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ជា​លើកដំបូង​ថា​បាន​ប្រើប្រាស់​ដ្រូ​ន Shahed-136 កាលពី​ថ្ងៃទី ១៣ ខែ​កញ្ញា ដោយ​វាយប្រហារ​លើ​គោលដៅ​នៅ​ជិត​ទីក្រុង​គូ​ព្យ៉ា​នស​ខ៍ (Kupiansk) ក្នុង​តំបន់​ខា​គី​វ(Kharkiv) ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន​។​

​នៅ​ចុងខែ​នោះ វា​ត្រូវ​បាន​ប្រើ​ក្នុង​ការវាយប្រហារ​នៅ​ភាគខាងត្បូង​។ បំណែក​ដ្រូ​ន​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​អូ​ដេសា (Odesa) និង​ទីក្រុង​មី​កូឡាអ៊ីវ (Mykolaiv)​។​

​ក្នុង​ខែតុលា ដ្រូ​ន Shahed-136 បាន​បំបុក​ចូល​តំបន់​ស៊ីវិល​ក្នុង​ទីក្រុង​ប៊ី​ឡា​សឺ​ក​វ៉ា (Bila Tserkva) ភាគខាងត្បូង​ទីក្រុង​គៀវ​។​

​រុស្ស៊ី​អាច​នឹង​ប្រើប្រាស់​ដ្រូ​ន​ទាំងនេះ​ជាជាង​មី​ស៊ី​ល​នាំ​ផ្លូវ ព្រោះ​វា​មាន​តម្លៃថោក​ជាង គឺ​ប្រហែល ២ ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង​។​

– តើ​អ៊ុយ​ក្រែន​ព្យាយាម​បង្ក្រាប​ដ្រូ​ន​ទាំងនេះ​ដោយ​របៀប​ណា​?

​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែន​បាន​ប្រើប្រាស់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​និង​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ព្យាយាម​ទម្លាក់ដ្រូន​ទាំងនេះ​។ នៅ​ដើមខែ​តុលា​កងកម្លាំងប្រដាប់អាវុធ​អ៊ុ​យក្រែន​​បាន​និយាយថា ពួកគេ​បាន​ស្ទាក់​ចាប់បាន ៦០ ភាគរយ​នៃ​ដ្រូ​ន Shahed-136 ដែល​ហោះ​ចូលមក​។​

​ទោះយ៉ាងណា គេ​ពិបាក​នឹង​បាញ់​ទម្លាក់​ពួកវា​បាន​ទាំងអស់​ណាស់​។​

​អ្នកជំនាញ​ខាង​យោធា លោក ចា​ស្ទីន ក្រាំ (Justin Crump)​បាន​ប្រាប់ BBC​ថា “​ពួក​វា​ហោះ​ទាបៗ ហើយ​អ្នក​អាច​បញ្ជូន​ពួកវា​ចូល​មក​ទាំង​ហ្វូងៗ​”​។​

– តើ​អ៊ុយ​ក្រែន​បាន​ប្រើប្រាស់​ដ្រូ​ន​អត្តឃាដ​ដែរ​ទេ​?

​គេ​មិន​ច្បាស់​ទេ​ថា​តើ​ដ្រូ​ន​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​អ៊ុយ​ក្រែន​ដែរ​ឬ​យ៉ាងណា ប៉ុន្តែ​អ្នកជំនាញ​ជឿ​ថា​ដ្រូ​ន​អត្តឃាដ​អាច​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ការវាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​លើ​មូលដ្ឋាន​​យោធា​រុស្ស៊ី​នៅ​ភាគ​ខាងលិច​គ្រី​ម៉េ នៅលើ​មូលដ្ឋាន​អាកាស​នៅ​ជិត​ទីក្រុង​សេ​វ៉ា​ស្តូ​ប៉ូល (Sevastopol) និង​នៅលើ​នាវា​នៅ​កំពង់ផែ​សេ​វ៉ា​ស្តូ​ប៉ូល​។​

​លោកស្រី​បណ្ឌិត ម៉ា​រី​ណា មី​រ៉ុន (Marina Miron) ជា​អ្នកស្រាវជ្រាវ​ផ្នែក​ការពារជាតិ​នៅ​សាកលវិទ្យាល័យ​ឃី​ង​ខូឡិច​ឡុង​ដុន (King’s College London) បាន​និយាយថា​”​ប្រសិនបើ​អ្នក​​ក្រឡេក​មើល​ការផ្ទុះ​ក្នុង​ការវាយប្រហារ វា​មាន​តិចតួច​ណាស់​។ ខ្ញុំ​សង្ស័យថា ទាំងនោះ​ជា​ដ្រូ​ន​កែច្នៃ​ក្នុងស្រុក ដែល​មាន​សារធាតុ​ផ្ទុះ​ភ្ជាប់​នឹង​ពួក​វា​”​។​

– តើ​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​មាន​ដ្រូ​ន​អ្វី​ទៀត​?

​ដ្រូ​ន​យោធា​សំខាន់​របស់​អ៊ុយ​ក្រែន​គឺ Bayraktar TB2 ដែល​ផលិត​ដោយ​តួ​ក​គី​។ វា​មាន​ទំហំ​ប៉ុន​យន្តហោះ​ខ្នាត​តូច​មួយ មាន​កាមេរ៉ា​នៅលើ​ក្បាល និង​អាច​បំពាក់​គ្រាប់បែក​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ​។​

​លោក​បណ្ឌិត ជែក វ៉ាត​លីង (Jack Watling) នៃ​វិទ្យាស្ថាន​សេវា​រួបរួម​អង់គ្លេស (Rusi) បាន​និយាយថា នៅ​ដើមដំបូង​នៃ​សង្គ្រាម អ៊ុយ​ក្រែន​មានកង​ដ្រូ​ន​តួក​គី “​តិចជាង ៥០ គ្រឿង​”​។​

​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ខ្លួន​កំពុង​បញ្ជូន​ដ្រូ​ន Switchblade ៧០០ គ្រឿង​ដល់​អ៊ុ​យក្រែន ដែល​ជា​ប្រភេទ​ដ្រូ​ន​អត្តឃាដ​ផងដែរ​។​

​រុស្ស៊ី​ក៏​ប្រើ​ដ្រូ​ន Orlan-10 “​តូច​ជាង​និង​សាមញ្ញ​ជាង​” ផងដែរ ដែល​មាន​កាមេរ៉ា​និង​អាច​ផ្ទុក​គ្រាប់បែក​តូចៗ​។​

– តើ​ដ្រូ​ន​យោធា​ត្រូវបាន​ប្រើប្រាស់​យ៉ាងដូចម្តេច​?

​សម្រាប់​ភាគី​រុស្ស៊ី​និង​អ៊ុ​យក្រែន ដ្រូ​ន​មាន​ប្រសិទ្ធភាព​កំណត់​ទីតាំង​សត្រូវ និង ដឹកនាំ​ការ​បាញ់កាំភ្លើង​ធំ​ឆ្ពោះទៅ​រក​គោលដៅ​ទាំងនោះ​។​

​លោក​បណ្ឌិត​វ៉ាត​លីង​និយាយថា “​កងកម្លាំង​រុស្ស៊ី​អាច​នាំ​យក​កាំភ្លើង​ធំ​របស់​ពួកគេ​ទៅ​ទប់ទល់​នឹង​សត្រូវ​ក្នុង​រយៈពេល​ត្រឹមតែ ៣ ទៅ ៥ នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ដ្រូ​ន Orlan-10 ប្រទះ​ឃើញ​គោលដៅ​”​។ ទោះយ៉ាងណា ការវាយប្រហារ​អាច​ចំណាយពេល ២០-៣០ នាទី​ដើម្បី​អនុវត្ត​។​

​លោកស្រី​បណ្ឌិត ម៉ា​រី​ណា ម៉ា​រ៉ុន និយាយថា ដ្រូ​ន​បានអនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ពង្រី​កកងកម្លាំង​ដែល​មាន​កម្រិត​របស់​ខ្លួន​។​

​លោក​ស្រី​និយាយថា “​កាលពីមុន​ប្រសិនបើ​អ្នក​ចង់​ស្វែងរក​ទីតាំង​សត្រូវ អ្នក​ត្រូវ​បញ្ជូន​កងកម្លាំង​ពិសេស​ចេញទៅ​…​ហើយ​អ្នក​អាច​នឹង​បាត់បង់​កងទ័ព​មួយចំនួន​។ ឥឡូវនេះ អ្វី​ដែល​អ្នកប្រថុយ​បាត់បង់​គឺ​ដ្រូ​ន​”​។​

​ក្នុង​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​សង្គ្រាម ដ្រូ​ន Bayraktar របស់​អ៊ុយ​ក្រែន​ត្រូវ​បាន​សរសើ​រយ៉ាង​ទូលំទូលាយ​។​

​លោកស្រី​បណ្ឌិត​មី​រ៉ុន​និយាយថា “​ពួក​វា​បាន​វាយប្រហារ​លើ​គោលដៅ​ដូចជា ឃ្លាំង​គ្រាប់ ហើយ​បាន​ដើរតួ​ក្នុងការ​ពន្លិច​នាវា Moskva”​។​

​ទោះយ៉ាងណា ដ្រូ​ន Bayraktar គឺជា​ដ្រូ​ន​ធំ​និង​ហោះ​យឺត ហើយ​រុស្ស៊ី​អាច​ទប់ទល់​នឹង​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់ខ្លួន​។​

– តើ​ដ្រូ​ន​មិនមែន​យោធា​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ដូចម្តេច​?

​ដ្រូ​ន​យោធា​មានតម្លៃ​ថ្លៃ​ណាស់​ដើម្បី​ជំនួស ដោយ​ដ្រូ​ន Bayraktar TB2 តែ​មួយ​គ្រឿង​មាន​តម្លៃ​ប្រហែល ២ លាន​ដុល្លារ​។​

​ដូច្នេះ ភាគី​ទាំងពីរ ជាពិសេស​អ៊ុ​យក្រែន ក៏​ប្រើ​ដ្រូ​ន​ពាណិជ្ជកម្ម​ខ្នាតតូច​ផងដែរ ដូចជា​ដ្រូ​ន DJI Mavic 3 ដែល​មាន​តម្លៃ​ប្រហែល ១.៧០០ ផោន​។​

​ដ្រូ​ន​ពាណិជ្ជកម្ម​ទាំងនេះ​អាច​ត្រូវបាន​បំពាក់​ជាមួយនឹង​គ្រាប់បែក​តូចៗ​។ ទោះយ៉ាងណា ពួក​វា​ត្រូវ​បាន​ប្រើ​ជា​ចម្បង​ដើម្បី​ស្វែងរក​កងទ័ព​សត្រូវ និង​បើក​ការវាយប្រហារ​តែម្តង​។​

​លោកស្រី​បណ្ឌិត​មី​រ៉ុន​និយាយថា “​អ៊ុយ​ក្រែន​មិន​មានគ្រាប់​ច្រើនដូច​រុស្ស៊ី​ទេ​។ ការ​ដែល​មាន​ភ្នែក​នៅ​លើ​មេឃ​ដើម្បី​រក​មើល​គោលដៅ​និង​បញ្ជា​កាំភ្លើង​ធំ​បាញ់​ដោយផ្ទាល់ មានន័យថា ពួកគេ​អាច​ប្រើប្រាស់​បាន​ប្រសើរ​នូវ​អ្វី​ដែល​ពួកគេ​មាន​”​។​

​ប៉ុន្តែ​ដ្រូ​ន​ពាណិជ្ជកម្ម​មាន​សមត្ថភាព​ទាប​ណាស់​បើ​ធៀប​នឹង​ដ្រូ​ន​យោធា​។​

​ឧទាហរណ៍​ជាក់ស្តែង ចម្ងាយ​ហោះហើរ​សរុប​របស់ដ្រូន DJI Mavic គឺ​ត្រឹមតែ ៣០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​វា​អាច​ហោះហើរ​បាន​ត្រឹមតែ ៤៦ នាទី​។​

​លោកស្រី​បណ្ឌិត​មី​រ៉ុន​និយាយថា រុស្ស៊ី​កំពុង​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​ក​ម្ចាត់ដ្រូន​ទាំងនេះ​។​

​លោក​ស្រី​និយាយថា “​កងកម្លាំង​រុស្ស៊ី​មាន​កាំភ្លើង Stupor ដែល​បាញ់​ចរន្ត​អេឡិចត្រូ​ម៉ាញ៉េទិច​”​។ លោកស្រី​បកស្រាយ​ថា ការណ៍​នេះ​បាន​បញ្ឈប់​ដ្រូ​ន​ពាណិជ្ជកម្ម​ពី​ការរុករក​ដោយ​ប្រើ​ប្រព័ន្ធ GPS​។​

​កងកម្លាំង​រុស្ស៊ី​ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញ ដូចជា Aeroscope ដើម្បី​ស្វែងរក​និង​រំខាន​ការ​ធ្វើ​ទំនាក់ទំនង​រវាង​ដ្រូ​ន​ពាណិជ្ជកម្ម​និង​ប្រតិបត្តិ​កររ​បស់​ពួក​វា​ផង​ដែរ​។​

​ប្រព័ន្ធ​ទាំង​នេះ​អាច​បណ្តាល​ឱ្យ​ដ្រូ​ន​ធ្លាក់ ឬ ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ហើយ​អាច​បញ្ឈប់​ការបញ្ជូន​ព័ត៌មាន​ត្រឡប់​ទៅ​វិញ​៕