​ដោយៈ ប​.​ខុន / ភ្នំពេញៈ ការធ្វើ​អាជីវកម្ម​នេសាទ តាម​គន្លង​ដាយ ក្នុង​ដង​ទន្លេសាប កំពុង​ត្រូវបាន​គេ​រៀបចំ​ទម្លាក់​ឧបករណ៍​នេសាទ​ចុះ​ក្នុង​ទន្លេ បន្ទាប់ពី​រដ្ឋបាល​ជល​ផល បានកំណត់​ទីតាំង​ឱ្យ​ពួកគេ សម្រាប់ធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២២-២០២៣ រួចមក ។​

​អ្នកនេសាទ ក៏ដូចជា​មន្ត្រីជលផល មានការ​រំពឹងទុក​ដូចគ្នា​ថា ផល​ត្រី នៅតាម​គន្លង​ដាយ ឆ្នាំនេះ អាច​នឹង​កើនឡើង​ខ្ពស់ ដោយសារ​ទឹកធំ​ជន់ ឡើង​ទាន់ពេល​រដូវ​ត្រី​ពង​កូន ពិសេស សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​ទប់ស្កាត់​បទល្មើស​នេសាទ បាន​យ៉ាង​មាន​ប្រសិទ្ធភាព នៅ​តំបន់​បឹង​ទន្លេសាប​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ផលរាជ​ធានី​ភ្នំ​ព​ញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២​ថាៈ គន្លង​ដាយ​ត្រី សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ ក្នុង​រដូវ​បើក​នេសាទ ឆ្នាំ​២០២២-២០២៣ នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ កំពុង​ត្រូវបាន​គេ​រៀបចំ​បោះ​យុថ្កា ដើម្បី​ទម្លាក់​ដាយ​ចុះ បន្ទាប់ពី​រដ្ឋបាល​ជល​ផល បាន​ចុះ​កំណត់​ទីតាំង ទំហំ​មាត់​ដាយ ជូន​ពួកគេ​រួច កាលពី​ថ្ងៃទី​១៣ និង ១៤ ខែតុលា រួចមក​។​

​នាយ​ខណ្ឌ​ជលផល ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ គន្លង​ដាយ ធ្វើ​អាជីវកម្ម នៅក្នុង​រដូវ​បើក​នេសាទ ឆ្នាំ​២០២២-២០២៣ នេះ មាន​ចំនួន ១៧ គន្លង​ ​ដែល​គេ​បាន​ជួល និង​ដេញថ្លៃ​ពី​រដ្ឋបាល​ជលផល​។ ឯ​គន្លង​ដាយ​ចំនួន​៧ ដែល​គ្មាន​អ្នក​ជួល ត្រូវ​រក្សា​ទុកឱ្យ នៅ​ទំនេ​។ អ្នកធ្វើអាជីវកម្ម​នេសាទ គេ​អាច​នឹង​ចាប់ផ្តើម​ចាប់​ត្រី នៅក្នុង​ខែខ្នើត​ខាងមុខនេះ​។ ត្រី​នៅ​ឆ្នាំនេះ អាច​ស​ប្បូរ​ជាង​ឆ្នាំមុនៗ​។​

​បើ​យោងទៅតាម​ស្ថានភាព​ទឹក​ឡើង​ខ្ពស់ និង​ការងារ​បង្ក្រាប​បទល្មើស​នេសាទ កន្លងទៅ បានធ្វើ​យ៉ាង​មាន​ប្រសិទ្ធភាព នៅ​គ្រប់​ទីកន្លែង​ជា ពិ​សេល​នៅ​បឹង​ទន្លេសាប​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ​ជួល​គន្លង​ដាយ​ត្រី ពី​រដ្ឋបាល​ជលផល បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៨ ខែតុលា​ថាៈ នៅពេល​ទឹក​ទន្លេសាប ចាប់ផ្តើម ហូរ​ចេញ ដោយ​ល្បឿន​យឺតៗ បងប្អូន​ប្រជា​នេសាទ បាននាំគ្នា​ទម្លាក់​យុថ្កា​ចុះ នៅតាម គោលដៅ ដែល​បានកំណត់ ដោយ​រដ្ឋបាល​ជលផល​  ដើម្បី​ឈានទៅ​ទម្លាក់​មាត់​ដាយ ចុះ​នៅពេល ប៉ុន្មាន​ថ្ងៃ​ខាងមុខ នៃ​ខែខ្នើត ចូលមក​ដល់ ដែលជា​ខែ ត្រូវ​ចាប់បាន​ត្រី​ធំ​។ ពេលនេះ មិនទាន់មាន​អ្នកណា បាន​ទម្លាក់​មាត់​ដាយ​ចុះ និង​បាន​អូស​ផែ ទៅកាន់​កន្លែង ត្រូវ​ចាប់​ត្រី នៅ​កណ្តាលទន្លេ នោះ​នៅឡើយ​ទេ​។​

​អ្នកនេសាទ​ខាងលើ បាន​និយាយ ដោយ​សង្ឃឹម​ច្រើន​ថាៈ ឆ្នាំនេះ ពួកគេ​អាច​ចាប់​ត្រី​បាន ច្រើន បើ​យោងទៅតាម​ស្ថានភាព​ទឹក​ជន់​ឡើង បាន​ទាន់ពេលវេលា​ត្រី​ពង​កូន និង​ឡើង បាន​ខ្ពស់ ហើយ​ម្យ៉ាងទៀត​នោះ គឺ​ដោយសារ​កន្លងទៅ ខាង​រដ្ឋបាល​ជលផល នៅ​គ្រប់កន្លែង ឃើញ​ធ្វើការ​បង្ក្រាប បាន​យ៉ាង​មាន​ប្រសិទ្ធភាព នូវ​បទល្មើស​នេសាទ ជាពិសេស នៅ​បឹង​ទន្លេសាប ដែល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ មានទឹក​ទាប ហើយ​មាន​បទល្មើស ច្រើន មិនអាច​បង្ក្រាបបាន នាំឱ្យ​ទិន្នផល​ត្រី​ថយចុះ​យ៉ាងខ្លាំង​៕/V​.mara