ដោយ​: បូកគោ​/ កែប​: ឧទ្យាន​ជាតិ​កែប​កាន់​តែមាន​ភាព​ទាក់ទាញ​បន្ទាប់ពី​អាជ្ញាធរ​បាន​ស្ថាបនា​ផ្លូវ​បេតុង​ព័ទ្ធជុំវិញ​រួចរាល់​។​

​កញ្ញា​ឡាំង អា​នី​កា ម្ចាស់​ហាង​កាហ្វេ​លើ​ភ្នំ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ការលក់ដូរ​កាហ្វេ នំចំណី​ផ្សេងៗ​បាន​ដាច់​ជាង​មុន​ព្រោះតែ​ភ្ញៀវ​មក​កម្សាន្ត​ច្រើន​។ តាម​ការកត់សម្គាល់ សន្ទុះ​ភ្ញៀវ​ចាប់ផ្តើម​កើនឡើង​ក្រោយពី​មាន​ផ្លូវ​ល្អ​ឡើងមក​ដល់​លើ​ភ្នំ​។ ពីមុន​ផ្លូវ​ដីក្រហម ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ធ្វើឱ្យ​បែក​ភក់ និង​បរិស្ថាន​អនាម័យ​មិនសូវ​ល្អ​ទៀតផង​។

​ស្រដៀង​គ្នា​នេះដែរ លោក​សុជាតិ អ្នកគ្រប់គ្រង​រី​ស៊​ត​វេរ៉ង់ដា​ក្បែរ​ឧទ្យាន​ជាតិ​កែប​បាន​រៀបរាប់ថា ក្រោយពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ដើម្បី​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ខេត្ត​កែប​មាន​កំណើន​ភ្ញៀវទេសចរ​ជា​លំដាប់​។ សម្រាប់​រី​ស៊​ត​វេរ៉ង់ដា ក្រោយពេល​មាន​ផ្លូវ​ល្អ ភ្ញៀវ​ចាប់ផ្តើម​មក​ស្នាក់នៅ​ច្រើន​ថែមទាំង​បាន​ប្រើប្រាស់​សេវា​កម្សាន្ត​ផ្សេងៗ​នៅក្នុង​ឧទ្យាន​ជាតិ​កែប​ក្បែរ​ទីតាំង​នេះ​។​

​ជាមួយ​សមិទ្ធផល​ថ្មី​នេះ ភ្ញៀវ​មកពី​រាជធានី​ភ្នំពេញ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា ពួកគាត់​ពេញចិត្ត​នឹង​ការរៀបចំ សកម្មភាព​បដិសណ្ឋារកិច្ច និង​ទេសភាព​ដ៏​ស្រស់ស្អាត​របស់​ខេត្ត​កែប ពិសេស​ឧទ្យាន​ជាតិ​កែប​តែម្តង​។

សូមបញ្ជាក់ថា​ឧទ្យាន​ជាតិ​កែប​មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ក្រុង​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​១.១៥២​ហិកតា​។ ឧទ្យាន​ជាតិ​នេះ​មាន​ធនធានធម្មជាតិ​ប្រកបដោយ​សក្តានុពល​ជាច្រើន​។ ក្នុងនោះ រួមមាន ព្រៃឈើ ជីវៈចម្រុះ សត្វព្រៃ​ច្រើន​ប្រភេទ ពិសេស​សត្វ​ស្វា​រាប់ពាន់​ក្បាល មាន​រូងភ្នំ និង​ល្អាង​ដ៏​ល្អ​ប្រណីត​។ ជា​គោលដៅ​ទៅ​អនាគត អាជ្ញាធរ​នឹង​រៀបចំ​ឧទ្យាន​នេះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដើម្បី​អភិរក្ស ការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​រដ្ឋ​៕​