​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ប្រកួតប្រណាំង​កង់​ភ្នំ Wurkz Mountain Bike Series ឆ្នាំ​២០២២ ជុំ​ទី​៣ ដែល​បានរៀបចំ​នៅ​ទីលាន ជើងភ្នំ​គូលែន ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានបញ្ចប់​ដោយ​ជោគជ័យ​ហើយ​។​

​លោក ព្យែ​រ អ៊ីវ​កាត់​ទ្រី ស្ថាបនិក​កង់​ភ្នំ និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ បាន​ឲ្យ​ដឹងថាៈ ការប្រកួត​ជុំ​ទី​៣ នេះ ពិតជា​អស្ចារ្យ និង​ភ្ញាក់ផ្អើល​ចំពោះ​វត្តមាន ក្រុម​ជម្រើសជាតិ​ថៃ បាន​ចូលរួម​ប្រកួត និង​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់ ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ការពិនិត្យ​លើ​សិទ្ធ​ផល កីឡាករ កីឡាការិនី​កង់​ភ្នំ ជម្រើសជាតិ​កម្ពុជា​។ ការវាស់ស្ទង់ សមត្ថភាព​ថា តើ​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិតនៅ​កម្រិតណា ហើយ​ត្រូវ​ពង្រឹង​ចំណុច​ខ្វះខាត​អ្វីខ្លះ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក បានលើកឡើង​ថាៈ វា​ពិតជា​មានការ​ភ្ញាក់ផ្អើល សម្រាប់​ជុំ​ទី​៣​នេះ​។ ខ្ញុំ​គិតថា ជោគជ័យ​ដោយមាន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ថៃ ចូលរួម ដែល​ធ្វើឱ្យ​ការប្រកួត មើលទៅ​កាន់តែ​ចាប់អារម្មណ៍ និង​ស្វិតស្វាញ សម្រាប់​កីឡាករ កីឡាការិនី កម្រិត​ខ្ពស់​ពិតជា​ល្អ​ណាស់ ដែល​បានបង្ហាញ​ពី​ការប្រកួតប្រជែង ទាំង​ផ្នែក​បុរស​កម្ពុជា បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​ល្អ​។ ចំណែក​ក្រុម​កីឡាការិនី​កម្ពុជា ក៏​ធ្វើ​បានល្អ​ដែរ​។​
​ការប្រកួត​ដំណើរការ​រលូន​។
​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន មានការ​ព្រួយបារម្ភ អំពី​អាកាសធាតុ ដោយសារ​មេឃ​ភ្លៀង​ខ្លាំង ប៉ុន្តែ​ដល់​ថ្ងៃ​ប្រកួត អាកាសធាតុ​មាន​អំណោយផល សម្រាប់​ការប្រកួត​។ កីឡាករ កីឡាការិនី អន្តរជាតិ​ខ្លាំងៗ ចូលរួម និង​គ្មាន​កីឡាករ​ណា​ម្នាក់ គ្រោះថ្នាក់ ហើយ​សង្ឃឹមថា នឹងមាន​ការប្រកួត នៅទីនេះ​ទៀត​។​

​លោក បាន​អះអាងថាៈ ការប្រកួត នៅ​ទីលាន​ភ្នំ​គូលែន គឺជា​ឱកាសល្អ ដើម្បី​ឲ្យ​សិទ្ធ​ផល កាន់តែខ្លាំង និង​ល្អប្រសើរ ដូច្នេះ​ក្រុម​កម្ពុជា ត្រូវធ្វើ​ឱ្យ​ធំ​ជាង​មុន ឆ្ងាយ​ជាង​មុន ដោយ​បន្ថែម ផ្នែក​បច្ចេកទេស ទូលំទូលាយ​ជាង​នេះ និង​ប្រើពេល​កាន់តែ​យូរ​។ នេះ​ជា​ជំហាន​ទី​១ ដែល​ក្រុម​កម្ពុជា បាន​កែប្រែ​ចំណុច​ខ្វះខាត​ជាច្រើន ។ ខ្ញុំ​គិតថា អត្ត​ព​លិ​ក និង​ក្រុមការងារ បច្ចេកទេស នឹង​កាន់តែ​ល្អប្រសើរ ហើយនឹង​មាន​វគ្គ​បំប៉ន់​បច្ចេកទេស បន្ថែម​មួយចំនួនទៀត ដូច្នេះ​ខ្ញុំ​គិតថា យើង​នឹង​ល្អប្រសើរ សម្រាប់​ស៊ី​ហ្គេម​។​

​សម្រាប់​ជ័យលាភី​លេខ​១ Class A បាន​លើ​កីឡាករ គីម ម៉េង​ឡុង​, Class B1 លេខ​១ បាន​លើ​កីឡាករ ក្រួច វ៉ា​, Class B2 លេខ​១ បាន​លើ​កីឡាករ​ថៃ Sarachet Sing Jui, Class C0 លេខ​១ បាន​លើ​កីឡាករ ជា សុ​ផា​ណា​, Class C1 លេខ​១ បាន​លើ​កីឡាករ ពៅ សុផាន​, Class C2 លេខ​១​បាន​លើ ធី​ម លី​ម៉េង​, Class C3 លេខ​១ បាន​លើ​កីឡាករ យី លាង​ម៉េង​, Class K2 Boy លេខ​១ បាន​លើ​កីឡាករ វុន ដា​វីត​, Class Women Elite លេខ​១ បាន​លើ​កីឡាការិនី​ថៃ Jarinya Suebjakthin, Class Women លេខ​១ បាន​លើ​កីឡាការិនី Khen Malai​។​

​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ ឆ្នាំ​២០២២ នេះ ប្រណាំង​ជុំ​ទី​១ នៅ​ខេត្តកំពត ទាក់ទាញ​បាន អ្នកចូលរួម​ជាង ៥០០ នាក់ និង​ជុំ​ទី​២ នៅ​ខេត្ត កំពង់ស្ពឺ មាន​អ្នកចូលរួម​ជាង ៤០០ នាក់ និង​លើក​ទី​៣ នៅ​សៀមរាប មាន​អ្នកចូលរួម​ប្រណាំង ជាង ៣២០ នាក់​៕/V​.mara